(ក្រចេះ)៖ អគារត្រៀមសម្រាលកូន និងបរិក្ខារពាក់ព័ន្ធមួយចំនួនទៀត តម្លៃសរុបជិត ១០ម៉ឺនដុល្លារអាមេរិក នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ។ អគារ និងបរិក្ខារពាក់ព័ន្ធ នឹងរួមចំណែកយ៉ាងសំខាន់សម្រាប់ការផ្តល់សេវាសម្រាលកូន ជូនប្រជាពលរដ្ឋក្នុងស្រុកស្នួល។ សមិទ្ធផលនេះ បាននាំឱ្យមានការស្វាគមន៍ និងសាទរពីប្រជាពលរដ្ឋ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារត្រៀមសម្រាល និងបរិក្ខារពាក់ព័ន្ធ ត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក លុច ម៉ាំងក្តី (Luc MainGuy) ប្រធានសមាគមសាមគ្គីធម៌ប្រឺតាញកម្ពុជា។ ពិធីក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ។

អ្នកស្រី ស្រេង សុខគី នាយិកាប្រតិបត្តិអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តំណាងឲ្យលោកប្រធានសមាគមសាមគ្គីធម៌ប្រឺតាញកម្ពុជា បានឱ្យដឹងថា ការសាងសង់អគារត្រៀមសម្រាលកូន ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៅមូលដ្ឋានស្រុកស្នូល។ ជាពិសេសរួមចំណែកធានាបាននូវសុខុមាលភាពសង្គមល្អប្រសើរ កាត់បន្ថយអត្រាមរណភាពរបស់ស្ត្រី និងកុមារ។

លោក ពេជ្រ ប៊ុនធិន បានថ្លែងអំណរគុណអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា ដែលបានជួយឧប្ថម្ភគាំទ្រទាំងថវិកា និងសម្ភារសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។ កាយវិការដ៏សប្បុរសរបស់សមាគម បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង និងចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់វិស័យសុខាភិបាល។

ក្នុងឱកាសនោះ លោក ពេជ្រ ប៊ុនធិន ក៏បានលើកឡើងដែរថា ការសម្រាលកូន មិនមែនជាការងារស្រួលនោះទេ ដែលទាមទារអប់រំមាតា ឱ្យយល់ពីដឹងការសម្រាលកូន ជៀសវៀងពីការគ្រោះថ្នាក់នានាពេលសម្រាល។ ជាពិសេសស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ដើម្បីទទួលបានការណែនាំរបស់គ្រូពេទ្យ អំពើការថែទាំសុខភាពឲ្យបានល្អ និងយល់ដឹងពីអាហារូបត្ថម្ភផ្សេង។

លោក ពេជ្រ ប៊ុនធិន ក៏បានណែនាំគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ឱ្យយកចិត្តទុកដាក់់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ជាពិសេសមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យប្រចាំការជាប្រចាំសម្រាប់ជួយពលរដ្ឋមានបញ្ហាសុខភាព។

សម្រាប់លោក ពេជ្រ ប៊ុនធិន មន្ទីរពេទ្យបង្អែកស្រុកស្នួលមិនត្រឹមផ្តល់សេវាព្យាបាលជំងឺ និងសម្រាលកូនជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ផ្ដល់ឱកាសកូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាបសិក្សា ស្វែងរកនូវបទពិសោធន៍ ដោយប្រែក្លាយទីនេះ ទៅជាកន្លែងបណ្ដុះបណ្ដាលសម្រាប់ពេទ្យក្មេងៗជំនាន់ក្រោយដែលចង់ក្លាយជាគ្រូពេទ្យ។

បើតាមអ្នកស្រី ស្រេង សុខគី បានឱ្យដឹងថា អគារដែលបានដាក់ប្រើប្រាស់ពេលនេះ មានទំហំបណ្តោយ ៣០.៧០ម៉ែត្រ ទទឹង ៨.៧២ម៉ែត្រ កម្ពស់២.១៥ម៉ែត្រ។ បន្ទប់នីមួយៗ មានទទឹង ៤.១០ម៉ែត្រ បណ្តោយ ៥.៣២ម៉ែត្រ។ ចាប់ផ្ដើមការសាងសង់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ហើយបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ការចំណាយសរុប លើការសាងសង់អាគា ជីកអណ្តូងទឹក អាងទឹក ធ្វើសួនច្បារ ចំនួន ៩២,៥២៣.០១ដុល្លារ៕