(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ និងនគរបាលស្រុកមង្គលបុរី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សុ្នងការ អាត់ ខែម បានបញ្ចេញប្រតិបត្តិការរយៈពេល២ថ្ងៃនេះជាបន្តបន្ទាប់ ចេញបង្រ្កាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន រហូតចាប់បានជនសង្ស័យចំនួន១១នាក់ ព្រមទាំងដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួនធំផងដែរ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសំណាក់ភ្នំពេជ្រ ផ្លូវទៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងផ្ទះសំណាក់គ្មានយីហោមួយកន្លែងទៀត ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត នាយការិយាលនគរបាលប្រឆាំងញៀនខេត្ត បានឲ្យភ្នាក់ងារ Fresh News បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភានេះថា «កម្លាំងនគរបាលយើង ចេញបង្រ្កាបជនសង្ស័យគ្រឿងញៀននេះ មានលក្ខណៈទ្រង់ទ្រាយធំ ដែលធ្វើឡើងក្រោយពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបតែដាក់ចេញនូវវិធានការ និងបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែក និងជំនាញចេញបង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពដល់ពលរដ្ឋគ្រប់រូប»

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងសាងសំណុំរឿងជនសង្ស័យខាងលើ និងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕