(កណ្ដាល)៖ តុលាការខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួនក្មេងស្ទាវម្នាក់ ក្រោយពីកាប់ប្រហារទៅលើជនរងគ្រោះជាគូរបដិបក្ខឲ្យរបួសធ្ងន់ចំនួន២នាក់ ខណ:ដែលបក្ខពួកជនដៃដល់ចំនួន១១នាក់ផ្សេងទៀត កំពុងត្រូវបានតាមចាប់ខ្លួន។

បើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានប្រាប់មកកាន់អ្នកយកព័ត៍មាន Fresh News ប្រចាំខេត្តកណ្ដាល នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានលោក ថៃ ថេង ជាចៅក្រម និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា។ ជនសង្ស័យត្រូវបានឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាលរួចហើយ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូម៉ាក SCOOPY.i ម្នាក់មួយគ្រឿង ដេីម្បីជិះទៅរកកន្លែងប៉ះកង់ម៉ូតូនៅម្តុំរង្វង់មូលតាខ្មៅ ភ្លាមនោះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូប្រហែលជា៦គ្រឿងគ្នាប្រហែល១២នាក់ ប្រដាប់ដោយដាវ កាំបិត ពូថៅ បានជិះមកដល់ហេីយស្រែកថា អាហ្នឹងហេីយៗ រួចចុះពីលេីម៉ូតូដេញកាប់ទៅលេីជនរងគ្រោះ និងម៉ូតូ បណ្តាលឲ្យរងការខូចខាត និងរងរបួសស្នាម យកទៅព្យាបាលនៅមន្ទីរពេទ្យម្លិះដង្កោ រីឯក្រុមជនសង្ស័យបានជិះម៉ូតូ គេចខ្លួនតែម្តង។

លទ្ធផលស៊ើបអង្កេតស្រាវជ្រាវ៖ លុះព្រឹកឡើងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ បានធ្វើ ការចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខអូន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្រោយពីសួរនាំឈ្មោះ សុខអូន ណារិទ្ធ បានសារភាពថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង០០ ក្រុមជនសង្ស័យចំនួន១១នាក់ កំពុងតែលេងបាល់ទាត់ នៅចំណុច ក្រោយសាលាប៊ែលធី ព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលកំពុងតែលេងបាល់ស្រាប់តែក្រុមជនរងគ្រោះ បានជិះម៉ូតូចំនួន០៨គ្រឿង មានគ្នា ជាង១០នាក់ បានដេញកាប់ក្រុមរបស់ខ្លួនបណ្ដាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង។

ក្រោយមកក្រុមរបស់ខ្លួនបានបបួលគ្នាប្រហែល១០នាក់ ជិះម៉តូចំនួន០៧គ្រឿង ដេញតាមពីក្រោយក្រុមជនរងគ្រោះ។ ពេលជិះមកដល់ចំណុចរង្វង់មូលតាខ្មៅ ស្រាប់តែក្រុមខ្លួនបានឃើញជនរងគ្រោះ ជិះធាក់ម៉ូតូ បម្រុងចូលកន្លែងប៉ះកង់ម៉ូតូ ហើយក្រុមខ្លួនក៏បានស្រែកថា ពួកអាហ្នឹងហើយ ក៏ចុះពីលើម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះ និងម៉ូតូតែម្តង ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នាជិះគេចខ្លួនតែម្តង ចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះ ស្ថិតនៅខណ្ឌដង្កោ ហើយម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅជួសជុលប្រើប្រាស់វិញ។

សូមជម្រាបថា ជនរងគ្រោះ២នាក់៖

ទី១៖ ឈ្មោះ ធា កូតា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ: សិស្ស (រងរបួសរយះក្បាល និងប្រអប់ដៃខាងឆ្វេង)។
នីងទី២៖ ឈ្មោះ សំរុិត ម៉ាធីរ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិកណ្តាល សង្កាត់រលួស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ: សិស្ស (គ្មានរបួសស្នាម)។

ជនសង្ស័យមានគ្នា១២នាក់៖ សុខអូន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ, (ឃាត់ខ្លួន), ពៅ រតនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមុខពិតប្រាកដ (គេចខ្លួន), ឃីម ចាន់សីលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន), មឿន ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនប្រាកដ (គេចខ្លួន), អាត រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន), គៀ សំណាង ហៅម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន), ឈុន លីដាលីម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន), ចំណែកបក្ខពួកចំនួន ៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)៕