(កោះកុង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ រួមទាំងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ការចុះបង្កាបទីតាំងគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។

ការចុះបង្ក្រាបទីតាំងគ្រឿងញៀន នៅចំណុចខាងលើនេះ ក្រោមការដឹកនាំដោយអនុសេនីយ៌ទោ សេង ផាន មេបញ្ជាការរង អ.ហ ក្រុងខេមភូមិន្ទរួមទាំងមន្រ្តីក្រោមឱវាទជាច្រើនរូប។ មន្រ្តី អ.ហ ក្រុងបានឲ្យដឹងថា ការប្រតិបត្តិការនេះកម្លាំងលោកបានធ្វើការឡោមព័ទ្ធ ទីតាំងខាងលើ ហើយធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន៤នាក់មានស្រី១ម្នាក់ ព្រមទាំងការដកហូត ថ្នាំម៉ាទឹកកចំនួន៣កញ្ចប់ ម៉ូតូ២គ្រឿង និងឧប្បករណ៍ជក់មួយចំនួនផងដែរ។

ចំណែកជនសង្ស័យទាំង៤នាក់រួមមានទី១- ឈ្មោះ ម៉ាត់ វ៉ាន់ អាយុ២២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ទី២-ឈ្មោះ សុខ ហេង អាយុ២២ឆ្នាំ មុខរបរកម្មករ ទី៣-ឈ្មោះ សួស ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរបម្រើក្នុងខារ៉ាអូខេ និងទី៤-ឈ្មោះ ម៊ី វណ្ណនិត អាយុ២៧ឆ្នាំ មុខរបរកម្មករ។ ជនទាំង៤នាក់ ស្នាក់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕