(ភ្នំពេញ)៖ កិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការពារសត្វព្រៃ គឺកាតព្វកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប បើទោះបីជាមានក្រសួងស្ថាប័នមួយចំនួន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីអនុភារកិច្ចនេះក៏ដោយ ជាក់ស្តែង ក្រសួងបរិស្ថាន ជាស្ថាប័នមួយទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការងារនេះ បាននឹងកំពុងចុះធ្វើយុទ្ធនាការផ្សព្វផ្សាយគ្រប់រូបភាពពីសារៈសំខាន់មិនអាចថ្លៃបានពីព្រៃឈើ និងសត្វព្រៃ។

ជុំវិញផែនការសកម្មភាពបណ្តុះស្មារតីដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃ ក្រសួងបរិស្ថាន បានកំណត់បេសកកម្មសំខាន់ៗ គឺដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា។

តាមរយៈសកម្មភាពផ្សព្វផ្សាយពីគុណសម្បត្តិដ៏ហិមានៃធនធានជាតិ និងសត្វព្រៃ ក្រសួងបរិស្ថាន បានសហការជាមួយៃអង្គការដៃគូបានបើកយុទ្ធនាការអន្ទាក់សូន្យកាលពីខែមេសា ឆ្នាំ២០២២ ដោយបានឆ្ពោះទៅបណ្តាលខេត្តចំនួន៦ នៅភាគខាងកើតទន្លេមេគង្គ ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ ប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរដាក់អន្ទាក់ និងបរបាញ់សត្វព្រៃឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងងាកទៅចាប់មុខរបរថ្មីជំនួសវិញ និងដើម្បីឱ្យប្រជាពលរដ្ឋមួយចំនួន ដែលចូលចិត្ត ហូបសាច់សត្វព្រៃឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ បញ្ឈប់ការជួញដូរសំណាក់សត្វព្រៃ និងងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សសត្វ ព្រៃដើម្បីផលប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍ទេសចរណ៍ធម្មជាតិ។

ជាមួយនឹងសកម្មភាពផ្សេងៗទៀត ដើម្បីបុព្វហេតុធនធានជាតិ និងសត្វព្រៃកម្ពុជា, គឺសង្កេតឃើញមានការរួមចំណែកដោយផ្ទាល់ និងប្រយោលពីសំណាក់អ្នកលេងបណ្តាញសង្គម សិល្បករ សិល្បការិនី ជាក់ស្តែងនាឱកាសបើកយុទ្ធនការអន្ទាក់សូន្យនៅខេត្តកំពង់ធំ ដែលជាខេត្តគោលដៅទី៥ គឺមានការចូលរួមដោយផ្ទាល់ពីកំពូលតារាចម្រៀងស្រីរបស់កម្ពុជា អ្នកនាង មាស សុខសោភា និងសកម្មជនបរិស្ថាន លោក បេន ដេវីស។

សម្រាប់យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ម្សិលមិញ គឺជាព្រឹត្តិការណ៍មួយដែលបានបញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់ពីធនធានធម្មជាតិ និងសត្វព្រៃ តាមរយៈបទចម្រៀង និងការសម្តែងសិល្បៈ រួមផ្សំនឹងការបញ្ជ្រាបខ្លឹមសារសំខាន់ៗពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ, រដ្ឋបាលខេត្ត, អង្គការដៃគូ, មន្ត្រីអនុវត្តច្បាប់ និងប្រជាសហគមន៍មូលដ្ឋានជាដើម។

នាឱកាសនោះដែរ លោក នេត្រ ភក្រ្តា បានថ្លែងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិគ្មានទៀតឡើយ ប៉ុន្តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗ កើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងនឹងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

នៅគ្រប់វេទិកានានា, មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន តែងតែទទូចជាញឹកញាប់ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងសត្វព្រៃគ្រប់ប្រភេទដែលកំពុងមានវត្តមាននៅកម្ពុជា ជាពិសេសសូមចូលទប់ស្កាត់ការបរបាញ់សត្វ ដាក់អន្ទាក់ ជាពិសេសចូលកុំបរិភោគសាច់ព្រៃ ខណៈសាច់សត្វព្រៃវានឹងធ្វើឱ្យអ្នកបរិភោគមានជំងឺផ្សេងៗជាដើម។ ដោយការបំផ្លាញព្រៃឈើ និងសត្វព្រៃនឹងធ្វើឱ្យអ្នកប្រឈមនឹងផ្លូវច្បាប់ រហូតជាប់ពន្ធនាគារជាដើម។ល។

លោក នេត្រ ភក្រ្តា បានបន្ថែមថា ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តនូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

លោកបានគូសបញ្ជាក់ថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារ និងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាព្រៃឈរ ដើម្បីរកចំណូល»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន។

បើតាមអ្នកនាង មាស សុខសោភា បានថ្លែងថា ប្រកាសប្តេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយពីសារប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃដល់អ្នកគាំទ្រអ្នកនាង ជាពិសេសឱ្យចូលរួមទាំងអស់គ្នា ដើម្បីបុព្វហេតុធនធានជាតិរបស់កម្ពុជា។ អ្នកនាងក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់គ្នាចូលរួមយុទ្ធនាការអន្ទាក់សូន្យ និងបញ្ឈប់រាល់សកម្មភាពទាំងឡាយ នៃការដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃគ្រប់រូបភាព។

ជាមួយនឹងសកម្មភាព ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃ អ្នកនាង មាស សុខសោភា ក៏បានប្រកាសប្តេជ្ញាចិត្តបំផុស និងផ្សព្វផ្សាយឱ្យសាធារណៈជន ជាពិសេសផ្តើមពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងៗទៀត ឱ្យយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានធនធ្មជាតិ និងសត្វព្រៃ។

កំពូលតារាចម្រៀងស្រីរបស់កម្ពុជារូបនេះ ក៏មានគម្រោងកៀរគរអ្នកគាំទ្ររបស់ខ្លួន ឱ្យចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំ នៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាជាដើម។

លោក បេន ដេវីស ក៏បានបង្ហាញពីសកម្មភាពរបស់ខ្លួន ដើម្បីកិច្ចការការពារធនធានធម្មជាតិ និងសត្វព្រៃរបស់កម្ពុជា ដោយក្នុងនោះលោកបានអប់រំប្រជាពលរដ្ឋ ពីសារសំខាន់នៃធនធនធានធម្មជាតិ និងសត្វព្រៃ។ ក៏ប៉ុន្តែ នៅមានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជិតតំបន់ការពាររបស់លោកមិនបានចូលរួមជាមួយនឹងលោក ដូច្នេះ ចំណុចនេះទាំងនេះវានៅតែជាបញ្ហាសម្រាប់សត្វព្រៃ ជាដើម។

បន្ថែមពីនេះ លោក បេន ដេវីស ក៏បានឱ្យយោបល់ថា ប្រសិនបើចង់ឱ្យសត្វព្រៃ នៅមានវត្តមានក្នុងពេលអនាគត គឺត្រូវអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់បន្ថែមទៀត ចំពោះបុគ្គលដែលមិនរាងចារ នៅតែបន្តប្រព្រឹត្តបទល្មើសបំផ្លាញសត្វព្រៃឱ្យបានធ្ងន់ធ្ងរ ដើម្បីធ្វើកិច្ចការងារអភិរក្សធនធានធម្មជាតិ និងសត្វព្រៃទទួលបានជោគជ័យបន្ថែមទៀត។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ការលួយដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាវត្តមានសត្វព្រៃទាំងនេះឱ្យនៅគង់វង្សទៅថ្ងៃអនាគត៕