(ភ្នំពេញ)៖ ជនដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅស្ថាប័នតុលាការនោះ កម្ររួចផុតពីការផ្ដន្ទាទោសតាមច្បាប់ណាស់ ព្រោះសមត្ថកិច្ចតែងតែរកនូវភស្ដុតាងនានាជាច្រើនដើម្បីដាក់បន្ទុកលើជនទាំងអស់នោះ។

នេះបើតាមការលើកឡើងពី លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា»

លោក កេង សុម៉ារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ជានិច្ចជាកាលយើងតែងសង្កេតឃើញថា ជនល្មើសដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស គឺកម្ររួចខ្លួនណាស់ កម្ររួចផុតពីសំណាញ់ច្បាប់ណាស់ ដោយសារយើងបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ហើយប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការស្វែងរកភស្ដុតាងនានា ដើម្បីបំពេញបន្ថែមក្នុងសំណុំរឿងដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឲ្យចៅក្រមធ្វើការសម្រេចសេចក្ដី ផ្ដន្ទាទោសដល់ជននោះ»

មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ បានអះអាងថា ការផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តបទល្មើស គឺជាការស្វែងរកនូវយុត្តិធម៌ជូនជនរងគ្រោះ ហើយសម្រេចអំពីសំណងដល់ជនរងគ្រោះនូវអ្វីដែលគាត់បានរងការខូចខាត។ បន្ថែមពីនេះ ជនល្មើសត្រូវបានយកទៅដាក់ក្នុងពន្ធនាគារ ដើម្បីកុំបុគ្គលនោះប្រព្រឹត្តអំពើល្មើសបែបនេះទៅដល់អ្នកដទៃផ្សេងទៀត។

អ្នកជំនាញផ្នែកច្បាប់រូបនេះ បានបន្ដទៀតថា ចំពោះការផ្ដន្ទាទោសធ្ងន់ ឬស្រាល គឺអាស្រ័យទៅលើចរិកលក្ខណៈនៃប្រព្រឹត្តរបស់ជនល្មើស ហើយក្រសួងយុត្តិធម៌ ក៏មិនមានដែនសមត្ថកិច្ចស្នើសុំឲ្យស្ថាប ័នតុលាការ សម្រេចទោសឲ្យច្រើន ឬតិចបាននោះទេ ពោលត្រូវសម្រេចទៅតាមអ្វីដែលច្បាប់បានកំណត់។

យ៉ាងណាមិញ លោក កេង សុម៉ារិទ្ធ គូសបញ្ជាក់បន្ថែមថា ក្នុងករណីមិនទាន់មានច្បាប់កំណត់ទោសទណ្ឌទៅលើសកម្មភាពមួយចំនួន ដែលសាធារណជនយល់ថា ជាអំពើជួញដូរមនុស្សដែរ នោះក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសិក្សារៀបចំនូវសេចក្ដីព្រាងច្បាប់ សម្រាប់យកទៅគ្រប់គ្រង និងបង្ក្រាបនូវសកម្មភាពដែលយល់ថាជាបទល្មើសទាំងនោះ ឬបើមានចំណុចខ្វះខាតអាចឈានទៅដល់ការធ្វើវិសោធនកម្មដើម្បីបំពេញបន្ថែម។

សូមជម្រាបថា ក្នុងឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបង្ក្រាបអំពើជួញដូរមនុស្សបានច្រើនជាងបណ្ដាឆ្នាំណាទាំងអស់ បើទោះបីប្រឈមជាមួយការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្ដី។ ក្នុងនោះ បង្ក្រាបបានជាង៣៥៩ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានត្រឹម១៥៥ករណី, សង្គ្រោះជនរងគ្រោះបាន ១,៥៧៧នាក់ ខណៈឆ្នាំ២០១៩ មាន៤៦៧នាក់, កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ មានចំនួន៥៣៨ករណី៕