(បន្ទាយមានជ័យ)៖ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរក្រុងប៉ោយប៉ែតបាននាំយកគ្រឿងចក្រចុះកាយប្រឡាយ និងលូរំដោះជំនន់ទឹកភ្លៀងនៅទីប្រជុំជនមួយចំនួនក្នុងក្រុង ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យជន់លិចផ្លូវនៅក្នុងទីប្រជុំជនមួយចំនួន។

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា ក្នុងសកម្មភាពនោះបានអនុវត្តចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយអាជ្ញាធរបានកាយប្រឡាយ និងលូរំដោះជំនន់ទឹកភ្លៀង ព្រមទាំងជួសជុលដាក់លូនៅចំណុចកែងខាងត្បូងផ្សារត្រីប៉ោយប៉ែតចំនួន១២កង់ និងស្តារដេហ្គាចំនួន២ ដើម្បីជួយសម្រួលកុំឱ្យទឹកជន់លិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋ។

លោកចៅសង្កាត់បានបន្តថា ការងារនេះចំណាយថវិកាចូលរួមរបស់ប្រជាពលរដ្ឋចំនួន៤៥៤ដុល្លារ និងថ្លៃពលកម្មគឺជាថវិការបស់សង្កាត់ប៉ោយប៉ែត ក្នុងការកាយប្រឡាយលូរំដោះទឹកជំនន់ទឹកភ្លៀងនេះស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕