(តាកែវ)៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធគាំពារមួយ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលជាគោលនយោបាយដ៏ល្អឥតខ្ចោះ ក្នុងការការពារប្រជាពលរដ្ឋចាប់ពីពេលដែលចាប់កំណើតរហូតដល់ស្លាប់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា៖ វដ្ដនៃជីវិត គឺគ្មាននរណាម្នាក់អាចគេចផុតឡើយ ហើយការកើត ចាស់ ឈឺ ស្លាប់ នេះ ប.ស.ស. បានចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួនអនុវត្តចាប់តាំងពីពេលដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។

ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅតែបន្តការគាំពារ ដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបាននឹងកំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណេីតរហូតដល់ស្លាប់នេះតែម្ដង។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា៖ ប្រព័ន្ធសន្ដិសុខសង្គម អាចបោះជំហានទៅមុខ និងអាចតាមការពារបងប្អូនបាន គឺត្រូវមានការចូលរួមយ៉ាងចាំបាច់របស់បងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលនេះជាការចូលរួមចែករំលែក និងស្មារតីសាមគ្គីធម៌សង្គម។

ក្នុងឱកាសជាមួយគ្នានេះ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តតាកែវ លោកបានថ្លែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែលពលរដ្ឋមានវ័យចំណាស់។

ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ៖ ភូមិសាស្រ្ដខេត្តតាកែវ គឺជាខេត្តទី៧ ហើយ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន។

ដោយឡែកគិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ មានកម្មករនិយោជិតសរុបប្រមាណជាង ៤៣ម៉ឺននាក់ ស្មើនឹងប្រមាណជាង ៩៣០លើកហើយ បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះបើយោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់ក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

ប.ស.ស. បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ៕