(កំពង់ធំ)៖ យុទ្ធនាការអន្ទាក់សូន្យ ដែលធ្វើឡើងនៅខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ជាយុទ្ធនាការលើកទី៥ បន្ទាប់ពីខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ដោយក្នុងនោះមានម្ចាស់ភោជនីយដ្ឋានចំនួន៤៧ហើយ បានប្រកាសមិនលក់សាច់សត្វព្រៃ សម្រាប់ធ្វើម្ហូបជូនភ្ញៀវជាដាច់ខាត។

យុទ្ធនាការអន្ទាក់សូន្យ សហការដឹកនាំដោយក្រសួងបរិស្ថាន ទីភា្នក់ងារជំនួយអាមេរិក USAID អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បី គឺអ្នកនាង មាស សុខសោភា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការអភិរក្សទាំងអស់ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិអន្ទាក់។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាដើម្បីលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ទើបអាចផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ»

ជាមួយគ្នានេះដែរ លោកបានជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ការដាក់អន្ទាក់ជួញដូរ និងបរិភោគសត្វព្រៃ។ លោកក៏បានកត់សម្គាល់ផងដែរថា ការទទួលទានសត្វព្រៃមិនធ្វើឱ្យសុខភាពមនុស្សប្រសើរឡើងនោះទេ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃមិនគួរប្រើប្រាស់សម្រាប់ធ្វើជាឱសថនោះទេ ហើយការកើនឡើងនៃការប៉ះពាល់មនុស្សទៅសត្វបង្កើនហានិភ័យនៃការរីករាលដាលមេរោគ និងជំងឺផ្សេងៗទៀត។

លោកបានបញ្ជាក់បញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងប្រើបរិភោគសត្វព្រៃ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមជាមួយក្រសួង និងដៃគូដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រ»

«សត្វព្រៃជារៀងរាល់ថ្ងៃនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់អន្ទាក់ បំពុល និងបាញ់សម្លាប់។ បើមិនមានវិធានការរួមគ្នាទាន់ពេលវេលា សត្វព្រៃកម្ពុជានឹងមិនមានសល់សត្វព្រៃឡើយ»។ នេះបើតាមការលើកឡើងរបស់ លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា។

«យុទ្ធនាការប្រឆាំងការដាក់អន្ទាក់ ដែលចាប់ផ្ដើមនៅថ្ងៃនេះ ក្នុងខេត្តកំពង់ធំ គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការយល់ដឹង ដើម្បីដោះស្រាយវិបត្តិនេះ។ យើងក៏ត្រូវតែបន្តផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ក៏ដូចជាការជួញដូរសត្វព្រៃខុសច្បាប់។ ការលើកកម្ពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានមានសារសំខាន់ណាស់ក្នុងការដោះស្រាយវិបត្តិអន្ទាក់។ ទីភ្នាក់ងារជំនួយអាមេរិក USAID កម្ពុជានឹងបន្តផ្តល់ជូនសហគមន៍កម្ពុជាដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិនូវជម្រើសមុខរបរជីវភាព ដូចជាកសិកម្មដែលជួលដល់សត្វព្រៃ និងការអភិវឌ្ឍតំបន់អេកូទេសចរណ៍»។

លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានរៀបរាប់ថា «អន្ទាក់ គឺជាការគំរាមកំហែងដ៏ធំបំផុតដល់សត្វព្រៃ នៅក្នុងព្រៃរបស់កម្ពុជា។ អន្ទាក់ដែលមានតម្លៃថោក ងាយស្រួលដាក់ពង្រាយពិបាករក និងមើលមិនឃើញ ហើយអន្ទាក់កំពុងបំផ្លាញតំបន់ការពារធម្មជាតិរបស់សត្វព្រៃដែលកំពុងត្រូវបានការពារ»

លោកបន្តថា៖ «យើងត្រូវចាត់វិធានការ ឥឡូវនេះ ដើម្បីកាត់បន្ថយតម្រូវការសាច់សត្វព្រៃដែលជំរុញឱ្យមានការដាក់អន្ទាក់ និងពង្រឹងការអនុវត្តច្បាប់»

លោក ស៊ុម ភារុណ ប្រធានគម្រោងអភិរក្សតំបន់ទេសភាពបឹងទន្លេសាប នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «អន្ទាក់សម្លាប់ និងបង្ករបួសដល់សត្វព្រៃរាប់មិនអស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាជារៀងរាល់ឆ្នាំ។ ការដោះស្រាយវិបត្តិការដាក់អន្ទាក់នៅទូទាំងតំបន់ការពារធម្មជាតិរបស់កម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ យុទ្ធនាការត្រូវធ្វើឡើងជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន ជាពិសេសអ្នកប្រមាញ់ និងឈ្មួញជួញដូរសាច់សត្វព្រៃ ក៏ដូចជាអ្នកស្រឡាញ់សត្វព្រៃ អំពីផលវិបាកនៃអន្ទាក់ និងសារសំខាន់នៃសត្វព្រៃ។ ការពង្រឹងការអនុវត្តច្បាប់ក៏ជាផ្នែកសំខាន់មួយក្នុងការបញ្ចប់ឧក្រិដ្ឋកម្មសត្វព្រៃនៅកម្ពុជាផងដែរ»

ក្រៅពីការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចូលរួមពីភាគីពាក់ព័ន្ធ និងការពង្រឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថាន និងដៃគូក៏សហការគ្នាផងដែរ ក្នុងការផ្តល់ការជម្រើសមុខរបរជីវភាព រួមទាំងគំនិតផ្តួចផ្តើមកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅជាប់តំបន់ការពារធម្មជាតិ ដែលតាមប្រពៃណីអាស្រ័យលើការប្រមូលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីយកសាច់បរិភោគ និងជួញដូរ។ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងព្យាយាមផ្លាស់ប្តូរជម្រើស និងអាកប្បកិរិយារបស់មនុស្សក្នុងការបរិភោគសត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃជំងឺរាតត្បាតនាពេលអនាគត៕