(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា អង្គទូត ក៏ដូចជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងបានជូនពរជោគជ័យ វឌ្ឍនភាព សុភមង្គល និងវិបុលភាពដល់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ក្នុងឱកាសដ៏រីករាយនេះ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។

លោករដ្ឋមន្ត្រី ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈរយៈពេល ៦ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់ ២.១ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី។

លោក ប៉ាន សូរស័ក្តិ បន្តថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែន ដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។

ជាមួយគ្នានេះ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ លោករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការគាំទ្ររបស់លោក Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លើគន្លឹះអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរីនិងសមាជិកអាស៊ានដ៏ទៃទៀត ដើម្បីធានាឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុត ដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ៕