(ហូជីមិញ)៖ ខ្យល់កន្ត្រាក់, បំណាក់ដី, និង ជាពិសេសគ្រោះរាំងស្ងួតបានបណ្តាលឲ្យប្រជាជនវៀតណាម ១៤នាក់ស្លាប់ និង ៧១នាក់ទៀតរងរបួស នាអំឡុង៥ខែដើមឆ្នាំនេះ ហើយវាក៏បាននាំឲ្យសេដ្ឋកិច្ច ខាតបង់ ៥៧,៨លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។

របាយការណ៍ពីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ បាននាំឲ្យ ផ្ទះប្រជាជន ៦៥០ខ្នងរលំទាំងស្រុង, ៣២,៥០០ខ្នងរងការខូចខាត, ស្រូវ ១៥,៩០០ហិកតា រងការបំផ្លិចបំផ្លាញ, ដំណាំផ្សេងៗ ១២,០០០ហិកតា ត្រូវហួតហែង, គោ ១៧,០០០ងាប់, សត្វបក្សី ១១,៥០០ងាប់, និង ត្រីប្រមាណ ៧៣០តោនងាប់។

គួរបញ្ជាក់ថា នៅរយៈពេល ៥ខែដើមឆ្នាំ ២០១៦នេះប្រទេសវៀតណាមបានទទួលរងគ្រោះធម្មជាតិ ខ្លាំងជាពិសេសនោះ គឺភាពរាំងស្ងួត និងការស្រកទឹកទន្លេដែលនាំឲ្យទឹកប្រៃហូរចូល បណ្តាលឲ្យត្រី រាប់រយតោនងាប់ និង ដំណាំតាមដងទន្លេជាច្រើនក៏បានងាប់ផងដែរ៕