(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះបន្តិចថា មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិ ទៅព្រះមហាក្សត្រនោះឡើយ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មការគណបក្សសង្រ្គោះជាតិរាជ ធានីភ្នំពេញ បានដាក់ពាក្យស្នើសុំធ្វើការដង្ហែញត្តិទៅព្រះមហាក្សត្រ។

លោកអភិបាលរាជធានីភ្នំបេញ មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិនោះឡើយ ដោយយោងទៅតាមហេតុផលមួយចំនួនទៀតរួមមាន៖ ១. ការពាក្យស្នើសុំមានភាពប្រថុចញ៉ុច ពោលសុំពេលព្រឹក ធ្វើពេលល្ងាច ផ្ទុយពីច្បាប់ ដែលបានកំណត់, ២. ពាក្យពេចន៍ នៃការស្នើសុំ ដូចជាធ្វើរដ្ឋប្រហារធម្មនុញ្ញ និងរំលោភលើចំណាត់ការរបស់តុលាការ និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ព្រោះអាចមានការប៉ះទង្គិចរវាងអ្នកប្រឆាំង និងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ។

តែទោះបីជាយ៉ាងណា លោក ប៉ា សុជាតិវង្ស ថា ការដង្ហែញត្តិអាចធ្វើបាន ប្រសិនបើចាត់ត្រឹមតំណាង។ លោកអភិបាលរាជធានី បានបញ្ជាក់បន្ថែមថា លោកកំពុងកោះហៅតំណាងគណបក្សសង្រ្គោះជាតិ មកពិភាក្សា និងពន្យល់ទៅលើបញ្ហានេះ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួននឹងនាំអ្នកគាំទ្រក្នុងរាជធានីភ្នំពេញ និង មកពីតាមបណ្តាខេត្ត ដឹកនាំដោយអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដង្ហែញត្តិទៅថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីទាមទារលក្ខខណ្ឌមួយចំនួន ក្នុងនោះរួមមានការប្រឆាំងចំណាត់ការរបស់តុលាការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ៕