(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន៧នាក់ ដែលមានសមាសភាពអតីតជាអ្នកតំណាងរាស្ត្រ អតីតជាមេឃុំជាប់ឆ្នោត និងជាសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងម្នាក់ៗដាក់ពន្ធនាគារ កំណត់ពី១៨ខែ រហូតដល់ ៣ឆ្នាំ។ ជនជាប់ចោទទាំងអស់ ត្រូវបានផ្តន្ទាទោសក្នុងសំណុំរឿង «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និង ប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ» ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

សមាសភាពក្នុងការប្រកាសសាលក្រម ដែលបានធ្វើឡើង នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានលោក ឃុន សូណា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកជនជាប់ចោទទាំង៧នាក់ រួមមាន ទី១- ឈ្មោះ ឡុង រី, ទី២- ម៉ែន សុថាវរិន្ទ, ទី៣- ឈ្មោះ ម៉ន ផល្លា, ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់, ទី៥- ឈ្មោះ គឹម តុលា, ទី៦- ឈ្មោះ ឡាញ់ ថាវរី, និង ទី- ឈ្មោះ ម៉ិច ហ៊ាង។

ខ្លឹមសារសាលក្រមក៏បានបញ្ជាក់ថា នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ឡុង រី, ឈ្មោះម៉ែន សុថាវរិន្ទ, ឈ្មោះម៉ន ផល្លា, ឈ្មោះម៉ោញ សារ៉ាត់, គឹម តុលា, និង ឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការសម្រេច ផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ១៨ ខែ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ាង ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវផ្ដន្ទាទោស ដាក់គុកកំណត់ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន ២បទល្មើស គឺ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង៧នាក់ គឺជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង មានទីលំនៅ ភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ឈ្មោះ ឡាញ់ ថាវរី ភេទស្រី អាយុ ៣៣ ឆ្នាំ (ជាអតីតមេឃុំឬស្សីក្រោក នៃអតីតគណបក្សសង្គ្រោះជាតិ) រស់នៅភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ។

ចំណែកឯ ជនជាប់ចោទ៥នាក់ទៀត ដូចមានឈ្មោះនៅខាងលើ បានរត់គេចខ្លួនហើយមានខ្លះ គេចលាក់ខ្លួននៅក្រៅប្រទេស៕