(ពោធិ៍សាត់)៖ ក្រោយវិបត្តិជំងឺកូវីដ១៩មានការធូរស្រាលហើយនោះ គេសង្កេតឃើញថាភ្ញៀវទេសចរជាតិ-អន្តរជាតិគឺកំពុងមានការកើនឡើងជាបណ្តើរៗ ជាក់ស្តែងក្នុងខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរសរុប៦០,៤២៧នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅខែកក្កដា ឆ្នាំ២០២១ ភ្ញៀវមានការកើនឡើងច្រើន។

នេះបើតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់លើការងារទេសចរណ៍ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរជាតិបានមកដើរលេងនៅតាមរមណីយដ្ឋាន និងតាមកន្លែងកម្សាន្តនានាក្នុងខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន៦០,១៥៣នាក់ ស្រី២៩,៨១៨នាក់។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០២កន្លងទៅ គឺភ្ញៀវទេសចរមានការកើនឡើង៤០៧,៣២% (ឆ្នាំ២០២១ មានភ្ញៀវទេសចរចំនួន១១,៨៥៧នាក់)។

សម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈស្ថិតិរបស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនានាក្នុងខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន២៧៤នាក់ ដែលមានភ្ញៀវមកពីប្រទេសចិនឈរលំដាប់លេខ១ ក្រៅពីនោះអង់គ្លេស ជប៉ុន កូរ៉េខាងត្បូង បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម និងហូឡង់។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០២កន្លងទៅ គឺភ្ញៀវទេសចរមានការកើនឡើង១០៦,០១% (ឆ្នាំ២០២១ មានភ្ញៀវទេសចរចំនួន១១៣នាក់)។

ក្នុងចំណោយរមណីយដ្ឋាន និងតំបន់ទេសចរណ៍ក្នុងខេត្តទាំង៣៥កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌៥កន្លែង (វប្បធម៌ប្រវត្តិសាស្ត្រ២កន្លែង និងវប្បធម៌ធម្មជាតិ៣កន្លែង) រមណីយដ្ឋានទេសចរណ៍កែច្នៃ១០កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ៩កន្លែង អេកូទេសចរណ៍៧កន្លែង និងកសិទេសចរណ៍៤កន្លែង (គ្មានអាជ្ញាបណ្ណ)៕