(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោក ជួន ជីវិន មន្ដ្រីខុទ្ទកាល័យ នាំយកសាររំលែកមរណទុក្ខ និងបច្ច័យចូលរួមបុណ្យសពម្ដាយក្មេក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។

សាររំលែកមរណទុក្ខ និងបច្ច័យចូលរួមបុណ្យសព ត្រូវបានលោក ជួន ជីវិន យកប្រគល់ជូនលោក ខៀវ កាញារីទ្ធ និងភរិយា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងសាររំលែកមរណទុក្ខ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចនូវសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែលជាម្តាយក្មេក និងម្តាយបង្កើតរបស់ លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សី។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យចំពោះការបាត់បង់មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែលជាការបាត់បង់ដ៏ធំធេងរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ និងចៅៗ និងពេញមួយជីវិតរបស់មហាឧបាសិកា បានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើននាពេលកន្លងមក។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានសម្ដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកមរណទុក្ខជាមួយរូបលោក និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូលចំពោះការបាត់បង់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត។

សូមបញ្ជាក់ថា មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទទួលមរណភាពនៅវេលាម៉ោង០៩៖១៥ ព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។ សពមហាឧបាសិកា ពេន យុត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក៕