(សៀមរាប)៖ ពលរដ្ធចាស់ជរាក្រីក្រចំនួន២៤៥គ្រួសារ ទទួលអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតនៅក្នុងបរិវេណវត្តខ្នារធ្នង់ ភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ចាស់ជរា នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលខេត្តសៀមរាប បានលើកឡើងថា នេះគឺជាកាតព្វកិច្ច និងការយកចិត្ត ទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលបានកំពុងរងគ្រោះ និងជួបការលំបាក។

ក្នុងនោះដែរ ថ្នាក់ដឹកនាំខេត្តបានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាជំហានៗ។ ជាក់ស្តែង រដ្ឋបាលខេត្តបាននិងកំពុងរៀបចំពិធីផ្តល់នូវអំណោយដល់ប្រជាពលរដ្ឋនាពេលនេះ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និងនិន្នាការនយោបាយណាមួយឡើយ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជំនះការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជម្រុញឲ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោកផងដែរ។

ជាមួយនេះដែរ អំណោយដែលប្រជាពលរដ្ឋចាស់ជរាក្រីក្រ ទទួលបានក្នុងម្នាក់ៗរួមមាន៖ កន្ទេល១ មុង១ សារុង១ ភួយ១ អង្ករ១ការ៉ុង មី១កេសផងដែរ៕