(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំប្រធាន អនុប្រធាន សមាជិក សមាជិកាសមាគម និងអ្នកពាក់ព័ន្ធ នាំយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា១៨វត្ត ក្នុងខេត្តកំពត ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា និងចូលរួមផ្គត់ផ្គង់ព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្តនានាក្នុងខេត្តកំពត ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តអណ្តូងប្រេង និងវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។

ក្នុងឱកាសនោះលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ក្នុងនាម និងតំណាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនដល់ព្រះសង្ឃ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ។

លោកស្រី បានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានធ្វើការគោរពប្រណិបត្តិ ហើយដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា សមាគមន៍ក៏បានរៀបចំនូវទេយ្យទាន ដើម្បីប្រគេនជូនដល់ព្រះសង្ឃនាពេលនេះ។

ទេយ្យទានដែលបានប្រគេនជូនព្រះសង្ឃទាំង១៨វត្តខាងលើ រួមមាន៖ ទៀនចំណាំព្រះវស្សា ១គូ, អង្ករ ២បាវ ស្មើនឹង ១០០គីឡូក្រាម, ត្រីខ ១កេស, ស្ករស ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូក្រាម, មី ១កេសធំ, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត ៥គីឡូក្រាម, ទឹក្រូចទឹកផ្លែឈើ ៥កេស, ខ្ទឹមស ៥គីឡូក្រាម, សាប៊ូម្សៅ ៥កញ្ចប់, ទឹកសុទ្ធចំនួន ៥កេស និងថវិកា ២០មុឺនរៀល ។
សូមបញ្ជាក់ថា៖ ទេយ្យទានដែលប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានាពេលនេះមាន ៩ក្រុងស្រុក ដោយក្រុងស្រុកនីមួយៗ មានចំនួន ២វត្ត៕