(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងវិវត្តយ៉ាងឆាប់រហ័ស ព្រមទាំងបាននឹងកំពុងកែប្រែទម្លាប់ នៃការរស់នៅប្រចាំថ្ងៃ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារ ក្នុងគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គម ពិសេសក្នុងអំឡុងពេលវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩។

លោកបានលើកឡើងបែបនេះ នៅសាលប្រជុំសាលាខេត្ត និងតាមប្រព័ន្ធនិម្មិត ZOOM ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការ នៃមន្ទីរអង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ៩៨រូប ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រូឧទ្ទេស ក្រុមការងារ របស់វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា និងសិក្ខាកាមជាច្រើនផ្សេងទៀត។

លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើជំនាញ ឌីជីថលចាំបាច់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងក្នុងជីវភាពរស់នៅ និងទាំងក្នុងការប្រើប្រាស់នៅតាមមន្ទីរអង្គភាពជំនាញ សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែម លើជំនាញឌីជីថល ជូនដល់មន្ត្រីរាជការ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័ធនធានមនុស្សនៅក្នុងខេត្ត សម្រាប់ជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំ របស់វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលយកចិត្តទុកដាក់ បើកឱ្យមានវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់នេះ ជូនដល់មន្ត្រីរាជការ ដែលអញ្ជើញមកពីរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់។

លោក ចេង ឡៃ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងវិវត្តយ៉ាងឆាប់រហ័ស ព្រមទាំងបាននឹងកំពុងកែប្រែទម្លាប់ នៃការរស់នៅប្រចាំថ្ងៃ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារ ក្នុងគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គម។ ក្នុងអំឡុងពេលវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩ ការចាប់យកបច្ចេកវិទ្យាឌីជីថល មានសន្ទុះកាន់តែខ្លាំងក្លា ពីគ្រប់តួអង្គនៃសង្គម ជាពិសេសក្នុងចំណោម សិស្ស និស្សិត មន្ត្រីរាជការ ស្ថាប័នរដ្ឋ ឯកជន សហគ្រាស ធុរកិច្ច និងប្រជាពលរដ្ឋទូទៅ ដើម្បីសម្របខ្លួនទៅនឹងវិធានការសុខាភិបាល និងដើម្បីចាប់យកកាលានុវត្តភាព នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

លោកអភិបាលខេត្តស្តីទី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់បទឧទ្ទេសនាម របស់គ្រូឧទ្ទេស ដើម្បីទទួលយកនូវចំណេះដឹងថ្មីៗ និងដើម្បីឆ្លងកាត់ការប្រឡង ទទួលយកវិញ្ញាបនបត្រ ដែលមានតម្លៃបញ្ជាក់អំពីសមត្ថភាពជំនាញ និងចំណេះដឹងឌីជីថល ដែលនឹងទទួលបាន អំពីវគ្គបណ្តុះបណ្តាលនេះ។

ក្នុងនាមរដ្ឋបាលខេត្ត លោកសង្ឃឹម និងជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងនាំមកនូវចំណេះដឹងថ្មីៗ ជូនមន្ត្រីរាជការទាំង៩៨រូប ដើម្បីបង្កើនសមត្ថភាព និងការយល់ដឹង សម្រាប់យកទៅប្រើប្រាស់ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងទាំងក្នុងការបំពេញការងារនៅតាមមន្ទីរអង្គភាពរបស់ខ្លួន។ ជាពិសេសជួយបង្កើនគុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅលើកស្ទួយតម្លៃ នៃការរស់នៅរបស់ប្រជាជន ឱ្យកាន់តែមានភាពប្រសើឡើងជាលំដាប់៕