(ស្វាយរៀង)៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យ៥នាក់ រួមជាមួយគ្រឿងញៀនមួយចំនួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការសម្របសម្រូលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយលើកនៅសង្កាត់ បាវិត ក្រុងបាវិត ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤ នាក់ (ស្រី១នាក់)។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងជំនាញបានរឹបអូសសម្ភារ និងវត្ថុតាងថ្នាំញៀនគ្រប់ប្រភេទ (មេតំហ្វេតាមីន កេតាមីន និងអ៊ិចស្តាស៊ី)រួមមាន៖ សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០៧គ្រឿង, ទូរស័ព្ទដៃ ចំនួន ១២គ្រឿង, កុំព្យូទ័រលេបថប ០១គ្រឿង, ប្រាក់ដុល្លា ចំនួន ៩២២ដុល្លារ, ប្រាក់ដុង ចំនួន ២៨លានដុង, ប្រាក់រៀល ចំនួន ៤០,០០០រៀល ព្រមទាំងសម្ភារឧបករណ៍ជក់ ប្រើប្រាស់មួយចំនួនទៀត៕