(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ បានជំរុញដល់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក ផ្នែកវប្បធម៌និងវិចិត្រសិល្បៈ រួមគ្នាសម្រាប់វិស័យនេះឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន។

ការជំរុញរបស់លោកស្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥ នៅសាលសន្នីសីទចតុម្មុខរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័នឧត្តមមន្រ្តីផ្នែកវប្បធម៌និងសិល្ប: អង្គទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្ស និងនិស្សិតជាច្រើននាក់ថែមទៀត។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងសាមគ្គីភាព សហគមន៍តែមួយជោគវាសនារួម តាមរយៈការពង្រីក ការផ្សព្វផ្សាយ និង កិច្ចសហប្រតិបត្តិការសហគមន៍ ទាំងបញ្ហាសេដ្ឋកិច្ចនយោបាយ សន្តិសុខសង្គម វប្បធម៌។

លោកស្រីបានបង្ហាញពីមោទនភាព ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ហើយកម្ពុជា ប្តេជ្ញាដឹកនាំកិច្ចប្រជុំអាស៊ាន ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់ ការផ្សះផ្សា សន្តិភាព និង ភាពចម្រុងចម្រើន នៅក្នុងតំបន់ទាំងមូលឱ្យទទួលបានជោគជ័យ។

លោកស្រីបានបន្តថា «ប៉ុន្មានឆ្នាំថ្មីៗនេះយើងបានកំណត់គោលនយោបាយនិងយុទ្ធសាស្ត្រដើម្បីការពារនិងរក្សាកេរ្តិ៍ ដំណែល វប្បធម៌ ដ៏សម្បូរបែប និងឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានោះយើង ក៏មានកិច្ចការសំខាន់ផ្សេងទៀត ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រឹងមាំក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាពិសេស ក្នុងវិស័យវប្បធម៌ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើងដើម្បីឈានដល់គោលដៅសម្រេចឱ្យបាននូវសហគមន៍ អាស៊ានសង្គម-វប្បធម៌ ឆ្នាំ២០២៥»

លោកស្រីបន្ថែមថា «ក្នុងក្របខ័ណ្ឌរបស់រដ្ឋមន្ត្រីអាស៊ាន ដែលទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានានា ជាពិសេសការទទួលឥទ្ធិពលបច្ចុប្បន្នរបស់ កូវីដ-១៩ ដើម្បីស្វែងរកផ្លូវសម្រាប់វិស័យវប្បធម៌ ដើម្បីឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន»។

លោកស្រីសង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការប្រារព្ធពិធី នៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងចំណងមិត្តភាពមិត្តភាព វប្បធម៌ ទំនៀមទំលាប់ ដែលអនុញ្ញាតឲ្យយើងផ្លាស់ប្តូរគំនិត និងរៀនសូត្រពីគ្នាទៅ វិញទៅមកដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយសហគមន៍មួយ»។

របៀបវារៈ នៃកម្មវិធីល្ងាចមិញនេះ មានដូចខាងក្រោម៖

* កម្មវិធីសំណួរចម្លើយចំណេះដឹងពីអាស៊ាន
* សម្តែងទស្សនីយភាពរបាំអាស៊ាន
* សម្តែងនិងប្រគុំជូនចម្រៀងអាស៊ាន
* ពិព័រណ៍រូបថតសមិទ្ធផលក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈ។

សូមជម្រាបដែរថា ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ខណៈឆ្នាំ២០២២នេះ គ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕