(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួម និងថ្លែងសន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «សហវិជ្ជមានសាសនា នៅអាស៊ីអាគ្នេយ៍៖ សាមគ្គីភាពក្នុងភាពសម្បូរបែប» តាមប្រព័ន្ធវីដេអូ ZOOM។

សិក្ខាសាលា នេះ រៀបចំដោយក្រុមប្រឹក្សាសហគមន៍មុស្លិមពិភពលោក (WMCC) សហការជាមួយសាកលវិទ្យាល័យ Nahdlatul Ulama Yogyakarta-Indonesia និង បណ្តាសាកលវិទ្យាល័យនានា ព្រមទាំងបណ្តាអង្គការសាសនា នានា ដើម្បីលើកទឹកចិត្តឲ្យមានការយល់ដឹងអំពីគ្នាទៅវិញទៅមក ឆ្ពោះទៅការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមបនីយកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី សម្ដែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនិងថ្លែងសន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ លោកបន្តលើកឡើងថា នៅកម្ពុជាមានសាសនា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ ចំពោះគ្រប់សាសនា តាមរយៈការផ្តល់នូវគោលនយោបាយ ជូនប្រជាជនទូទៅ រស់នៅមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងប្រតិបត្តិសាសនារបស់ខ្លួនយ៉ាងទូលំទូលាយ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

លោកបណ្ឌិត សង្កត់ធ្ងន់ថា ជាកាពិតយើងពិតជាត្រូវការរួមរស់នៅជាមួយគ្នា បើទោះជាជនរួមជាតិរបស់យើងមាន សាសនា ជំនឿ និងនិកាយខុសគ្នាក៏ដោយ។

ឆ្លងកាត់តាមបទពិសោធន៍ និងសុខដុមនីយកម្មនៅកម្ពុជា ដែលសហគមន៍ឥស្លាមកំពុងទទួលបានពីរាជរដ្ឋាភិបាលសព្វថ្ងៃ លោកបណ្ឌិត បានចែករំលែកនូវអនុសាសន៍មួយចំនួន រួមមាន បន្តការគាំទ្រជានិច្ច រាល់គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងប្រទេស តាមរយៈការចូលរួមបោះឆ្នោត និងសកម្មភាពនានាដទៃទៀត ដែលធ្វើឲ្យប្រទេសជាតិ និងសហគមន៍ខ្លួនទទួលបានស្ថេរភាព សន្តិសុខ សេរីភាពក្នុងការគោរពប្រណិប័តន៍សាសនា និងការអភិវឌ្ឍ, បន្តសាមគ្គីភាពផ្ទៃក្នុងសហគមន៍ ផ្សព្វផ្សាយពង្រឹកការយល់ដឹង ពីហានិភ័យ នៃការបែកបាក់ និងការបែងចែកក្រុម ដែលធ្វើឲ្យកម្លាំងសហគមន៍មានការចុះខ្សោយ ដែលនាំឲ្យសត្រូវមានឱកាសមកបំផ្លាញយើង, ព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមក្នុងកម្មវិធីនានា របស់រដ្ឋាភិបាលទាំងសាសនាឥស្លាម និងមិនមែនឥស្លាម ជាពិសេសជាមួយសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ, បង្កើនចំណេះដឹងបន្ថែមទៀត ដល់យុវជន ដែលជាអ្នកបន្តវេនជំនាន់ក្រោយ តាមរយៈការបើកឱកាស ការលើកទឹកចិត្ត ចូលរួមក្នុងកិច្ចការសង្គម និងការជំរុញទៅរកមនោមគមវិជ្ជាវិជ្ជមាន។

លោកបណ្ឌិត ជឿជាក់ថា សិក្ខាសាលានេះ នឹងផ្តល់នូវសារដ៏សំខាន់ និងបទពិសោធន៍ថ្មីៗមកពីប្រទេសជុំវិញអាស៊ីអាគ្នេយ៍ ស្របទៅនឹងប្រធានបទខាងលើ សំដៅធ្វើឲ្យសហគមន៍ឥស្លាមទទួលបានវិបុលភាព សុខដុមរនា និងសមិទ្ធិផលបន្ថែមទៀតនៅក្នុងប្រទេសរបស់ពួកគេ៕