(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៧រូបបន្ថែមទៀត បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការងារ ពីក្រុមហ៊ុនរួចហើយ។

គិត មកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៣៣រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួល យកសំណង នៅសល់ត្រឹម ១៤០រូប។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕