(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុនថា អារម្មណ៍ក្តុកក្តួល និងសោកស្តាយចំពោះមរណភាពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺប្រដៀបដូចនឹងការបាត់បង់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេចផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

បើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ការដែលសម្តេចតេជោ មានអាម្មណ៍ក្តុកក្តួល និងសោកសៅខ្លាំងនោះ ដោយសារតែការទទួលមរណភាពរបស់លោក អាបេ ក៏ដូចជាសម្តេចឧត្តមទេពញាណ សុទ្ធតែជាការទទួលមរណភាពមួយនឹកស្មានមិនដល់។

ទន្ទឹមនឹងការបង្ហាញនូវអារម្មណ៍សោកស្តាយចំពោះលោក អាបេ ដែលជាមិត្តភក្តិដ៏ល្អមួយរូបហើយនោះ សម្តេចតេជោ ហ៊ុន សែន ឆ្លៀតរំលឹកដែរថា លោក អាបេ ជាមេដឹកនាំរបស់ជប៉ុន បានរួមចំណែកយ៉ាងច្រើនជួយដល់កម្ពុជា ហើយបានជួយដល់អាស៊ាន និងពិភពលោកផងដែរ។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត និងទឹកចិត្តដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជា ដែលបានការចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយរដ្ឋាភិបាលជប៉ុន ក្រុមគ្រួសារលោកអាបេ និងប្រជាពលរដ្ឋជប៉ុនទាំងមូល។ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានបញ្ជាក់ថា លោកនឹងចងចាំចំពោះទឹកចិត្តដ៏ធំធេងមួយនេះ។

សូមបញ្ជាក់ថា លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពដោយខ្មាន់កាំភ្លើងបាញ់ប្រហារពេលធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី១០ ខែកក្កដា កាន់មរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ដើម្បីបង្ហាញនូវការគោរពដល់វិញ្ញាណក្ខន្ធរបស់សព។ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។

សម្តេចតេជោ បញ្ជាក់ថា នៅខែកញ្ញា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅចូលរួមបុណ្យសពរបស់លោកអាបេដោយផ្ទាល់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ព្រឹកមិញនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន បានវាយតម្លៃខ្ពស់ និងអរគុណសម្រាប់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ ដើម្បីរួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលកំពុងតែល្អប្រសើរ។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានអះអាងថា លោកនឹងបន្តធ្វើការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ជាពិសេសផ្នែកសេដ្ឋកិច្ច និងវិស័យការពារជាតិផងដែរ៕