(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងព្រះរាជសារនេះ ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តែងទឹកព្រះទ័យអបអរសាទរ និងកោតសរសើរដ៏កក់ក្តចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សព្វព្រះទ័យប្រសិទ្ធពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិនិងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕