(សៀមរាប)៖ ភ្លៀងធ្លាក់មួយមេយ៉ាងធំ ចាប់ពីម៉ោង១៦ រហូតដល់ម៉ោង១៩ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យតំបន់មួយចំនួនក្នុងក្រុងសៀមរាប រងការលិចលង់ដោយទឹកភ្លៀង។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវរងការលិចលង់ ក្នុងសង្កាត់សាលាកំរើក ក្រោយអតីតមន្ទីរពេទ្យនាគទេព បានឲ្យដឹងថា ផ្លូវនៅក្នុងភូមិរបស់គាត់បានចាក់បេតុង ដែលជាគម្រោងថវិការបស់សាលាសង្កាត់ តែចំពោះការដាក់លូ នៅតាមក្បាលដីរបស់គ្រួសារនិមួយៗ មានផ្ទះខ្លះបានដាក់ត្រឹមត្រូវទៅតាមការណែនាំរបស់សង្កាត់ ផ្ទះខ្លះមិនបានដាក់ ហើយខ្លះទៀត ដាក់ដែរតែមិនបានត្រឹមត្រូវទៅតាមទំហំដែលសាលាសង្កាត់បានកំណត់។

ក្នុងនោះដែរ ប្រជាពលរដ្ឋមួយចំនួនដែលគាត់មិនបានយល់ និងស៊ីជម្រៅ ពីការចូលរួមជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ដោយបានលើកថា ការលិចលង់នេះមកពីអាជ្ញាធរធ្វើផ្លូវមិនដាក់លូ តែពួកគាត់មិនបានយល់អំពីថវិកា បរិភាគ ដែលប្រជាពលរដ្ឋគ្រប់គ្រួសារ ត្រូវធ្វើការចូលរួមជាមួយអាជ្ញាធរក្នុងការកសាងផ្លូវនេះ។

ម៉្យាងទៀត ប្រជាពលរដ្ធមួយចំនួនមិនបានចូលរួម ក្នុងការថែទាំនូវមុខផ្លូវទឹកហូរចូលលូ ដោយបានយកសម្រាម ឬកាកសំណល់ទៅចាក់ចូលក្នុងប្រអប់លូ ដែលធ្វើឲ្យមានការកកស្ទះ ចរន្តទឹក ហូរមិនទាន់នៅពេលភ្លៀងម្តងៗ។

យោងតាមការណែនាំរបស់រដ្ឋបាលសាលាក្រុងសៀមរាប ក៏ដូចជាសាលាសង្កាត់ បានចុះធ្វើការណែនាំដល់ប្រជាពលរដ្ធត្រូវចូលរួម លើការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ ដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ និងភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា ដូច្នេះត្រូវចូលរួមថែក្សាដើម្បីប្រើប្រាស់បានយូអង្វែង។

ជាមួយនេះដែរ រដ្ឋបាលសាលាក្រុងសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ធទាំងអស់ នៅពេលមានភ្លៀងធ្លាក់ ឬមានសម្រាមបិទបាំងមាត់លូ សូមចូលរួមកាយបើកមុខទឹកផង កុំចាំមើលតែគ្នានោះ ដែលធ្វើឲ្យយើងជួបនូវហានីភ័យ ដូចពេលនេះឯង ទោះបីបានដាក់ប្រព័ន្ធលូរួចហើយក៏ពិតមែន៕