(សៀមរាប)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S. Jaishankar បានសន្យាចំពោះមុខម្ចាស់ផ្ទះកម្ពុជាថានឹងជំរុញឱ្យភ្ញៀវទេសចរប្រទេសខ្លួនមកទស្សនាកម្ពុជាកាន់តែច្រើនទៀត ពិសេសនឹងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។

ការសន្យានេះធ្វើឡើងក្នុងពេលលោកធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពោលគឺក្នុងដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌប្រពៃណីគង្គា (Ganga Agent Traditional Textile) ដែលជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ២០១០។ នៅពេលរាត្រី លោកបានចូលរួមក្នុងពិធីជប់លាង និងទស្សនាការសម្តែងសិល្បៈនៅប្រាសាទក្រវាន់។ នាឱកាសនោះដែរ ក៏មានការអមដំណើរពីសំណាក់លោកស្រី ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

លោករដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌាបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការរៀបចំបដិសណ្ឋារកិច្ចរបស់កម្ពុជា ហើយលោកបានសន្យាថានឹងជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន និងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនដែរ។

ក្នុងនាមក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជាក្នុងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ជាពិសេសកម្មវិធីទស្សនាវិថីទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) នៅប្រទេសឥណ្ឌា ការរៀបចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។

លោកបានគូសបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ៧.២លាននាក់ កើនឡើង ២៨០% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ ៩៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ បន្ទាប់ពីបើកប្រទេសឡើងវិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% បើធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ៧,៦៨៧នាក់ជាភ្ញៀវទេសចរឥណ្ឌា។

ការកើនឡើងដ៏ធំនេះបានឆ្លុះបញ្ចាំងថា ទីផ្សារឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជាក្នុងឆ្នាំខាងមុខ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់ទិសទី។

លោករដ្ឋលេខាធិការបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្ដើមយុទ្ឋនាការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយជោគជ័យ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍សហការជាមួយក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការសុវត្ថិភាពទេសចរណ៍ រួមជាមួយនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៃបទប្បញ្ញត្តិ សុខភាព ព្រមទាំងបានរៀបចំនិងដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដើម្បីស្តារនិងអភិវឌ្ឍទេសចរណ៍ក្នុងខេត្តសៀមរាប បន្ទាប់ពីវិបត្តិកូវីដ-១៩៕