(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក អាលី សាប្រ៊ី (Ali Sabry) រដ្ឋមន្រ្តីការបរទេសស្រីលង្កា ក្នុងឱកាសដែលលោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជា។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្រីលង្កា ដែលជំនួបធ្វើឡើងនៅការិយាល័យរបស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ទាល់ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចម្រើនទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម ប្រែមុខមាត់ដូចប្រជាជនទូទៅ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យបុរសអាចពាក់កាតឹប និងស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។ សិស្ស-និស្សិតឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ១,៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។

ជាមួយគ្នានោះ លោក Ali Sabry បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើសុខដុមណីកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកក៏បានកោតសរសើរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំឲ្យមានសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការរើសអើង។ លោកបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនងទ្វេភាគីរវាងកម្ពុជា-ស្រីលង្កា នឹងកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀត៕