(កំពង់ធំ)៖ ក្រុមគ្រួសារសពលោកយាយ លាង មួយទាង អាយុ៧៥ឆ្នាំ ស្ថិតនៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទូចសុំអន្ដរាគមន៍ស្វែងរកយុត្តិធម៌ពីប្រធានតុលាការកំពូល លោក ឌិត មុន្ទី ក្រោយកូនស្រីចិញ្ចឹមរបស់លោកយាយឈ្មោះ លាង ប៉ោងហ៊ាង អាយុ៣៨ឆ្នាំ បានរំលោភយកដីមួយកន្លែងទំហំ៥ម៉ែត្រ គុណ១៧ម៉ែត្រ តាមរយៈការប្ដឹងផ្ដល់តាំងពីសាលាដំបូងខេត្តកំពង់ធំ ឆ្លងមកដល់សាលាឧទ្ធរណ៍ និងបន្ដមកដល់តុលាការកំពូល តាំងពីឆ្នាំ២០១៧មកម្ល៉េះ។

រឿងក្ដីកូនស្រីចិញ្ចឹមដណ្ដើមយកដីរបស់ម្ដាយទៅកាន់កាប់ និងរស់នៅជាក់ស្ដែង បានអូសបន្លាយអស់រយៈពេល៥ឆ្នាំមកហើយ រហូតដល់លោកយាយបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ក្រោយពេលលោកយាយ និងប្អូនប្រុសបង្កើតគឺលោក លាង ថា បានដាក់ពាក្យបណ្ដឹងសុំជំនុំជម្រះសាជាថ្មីទៅកាន់ប្រធានតុលាការកំពូល កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។

ពាក្យបណ្ដឹងរបស់សពលោកយាយ លាង មួយទាង និងប្អូនប្រុស លាង ថា អាយុ៦៣ឆ្នាំ បានដាក់ជូនប្រធានតុលាការកំពូល ដែលគិតរហូតមកដល់ពេលនេះអស់រយៈពេល២ខែមកហើយ ប៉ុន្ដែមិនទាន់ទទួលបានព័ត៌មាន និងលទ្ធផលពីប្រធានតុលាការកំពូលនៅឡើយទេ។

លោក លាង ថា ដែលជាប្អូនប្រុសបង្កើតរបស់សពលោកយាយ លាង មួយទាង បានបញ្ជាក់បន្ថែមឲ្យដឹងថា តាមពិតដីមួយប្លង់នេះ គឺបងស្រីរបស់លោក នឹងប្រគល់ជូនកូនស្រីចិញ្ចឹមយ៉ាងជាក់ច្បាស់ដោយសារតែគាត់មិនមានកូន ហើយយកឈ្មោះ លាង ប៉ោងហ៊ាង មកចិញ្ចឹមតាំងពីអាយុ៣-៤ឆ្នាំមកម្ល៉េះ ប៉ុន្ដែបែរជាកូនស្រីចិញ្ចឹមនេះ បានលួចទៅដាក់ពាក្យបណ្ដឹងទៅតុលាការដោយក្លែងឯកសារមួយចំនួន រហូតឈ្នះក្ដី ហើយកាន់កាប់ជាក់ស្ដែងតែម្ដង រហូតមកដល់ពេលនេះ។

យោងតាមពាក្យបណ្តឹងរបស់សពលោកយាយ លាង មួយទាង និងប្អូនប្រុស លាង ថា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កូនស្រីចិញ្ចឹម (យកមកចិញ្ចឹមតាំងពីអាយុ៣ ទៅ៤ឆ្នាំ) បានប្តឹងទៅតុលាការខេត្តកំពង់ធំ ទាមទារដី ៥ម៉ែត្រ គុណ ១៧ម៉ែត្រ ដោយចង់បំបែកចេញពីប្លង់ដីរួមរបស់ម្តាយឈ្មោះ លាង មួយទាង និងឈ្មោះ លាង ថា ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តុលាការខេត្តកំពង់ធំ បានកាត់ក្តីឱ្យកូនស្រីចិញ្ចឹមឈ្នះកាន់កាប់ដី ៥ម៉ែត្រ គុណ ១៧ម៉ែត្រ។

បន្ទាប់មកស្រ្តីជាម្តាយ លាង មួយទាង និងប្អូនប្រុស លាង ថា បានប្តឹងជំទាស់មកសាលាឧទ្ធរណ៍។ លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានសាលាឧទ្ធរណ៍កាត់ឱ្យម្តាយ និងប្អូនប្រុសឈ្នះក្តីវិញ ដោយច្រានចោលការទាមទារ របស់កូនស្រីចិញ្ចឹម និងការសម្រេចរបស់សាលាដំបូងខេត្តកំពង់ធំ។

បន្ទាប់មកមកូនស្រីចិញ្ចឹម បានប្តឹងសារទុក្ខមកតុលាការកំពូល លុះដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានតុលាការកំពូល កាត់ឱ្យកូនស្រីចិញ្ចឹមឈ្នះក្តីវិញ ដោយសម្រេចតាមសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ហើយសម្រេចបង្វិលសំណុំរឿងឱ្យសាលាឧទ្ធរណ៍ បើកការជំនុំជម្រុះសារជាថ្មី។ បន្ទាប់ពីបើការជំនុំជម្រុះសាលជាថ្មី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សាលាឧទ្ធរណ៍ ក៏បានសម្រេចឱ្យម្តាយចិញ្ចឹម និងប្អូនប្រុស ជាអ្នកឈ្នះក្តីដដែល ដោយច្រានចោលការទាមទាររបស់កូនស្រីចិញ្ចឹម។

បន្ទាប់មកកូនស្រីចិញ្ចឹម មិនអស់ចិត្តក៏បន្តប្តឹងសារទុក្ខទៅតុលាការកំពូលម្តងទៀត លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ តុលាការបានចេញសាលដីកាឱ្យកូនស្រីចិញ្ចឹមឈ្នះក្តីឡើងវិញ ហើយច្រានចោលសាលដីការបស់ សាលាឧទ្ធរណ៍។ បន្ទាប់មកនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្តាយចិញ្ចឹម លាង មួយទាង និងប្អូនប្រុស លាង ថា បានប្តឹងសារទុក្ខទៅតុលាការកំពូលម្តងទៀត ហើយត្រូវបានតុលាការកំពូលច្រានចោល។

ទើបថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ សពលោកយាយ លាង មួយទាង និងលោក លាង ថា ក៏បានដាក់ពាក្យស្នើសុំបើកសុំជំនុំជម្រះសាជាថ្មីទៅកាន់ប្រធានតុលាការកំពូល ប៉ុន្តែរហូតមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ក្រុមគ្រួសាររបស់សព មិនទាន់ទទួលបានព័ត៌មាន និងលទ្ធផលនៃការសម្រេចរបស់ប្រធានតុលាការកំពូលនៅឡើយទេ ដូច្នេះហើយទើបក្រុមគ្រួសារសព ស្នើសុំឲ្យលោក ឌិត មុន្ទី ជួយធ្វើការស៊ើបអង្កេត និងផ្តល់ភាពយុត្តិធម៌ដល់ សពលោកយាយ លាង មួយទាង ដោយក្តីអនុគ្រោះផងចុះ៕

ខាងក្រោមនេះជាឯកសារពាក់ព័ន្ធ និងរូបថតបុណ្យសពលោកយាយ លាង មួយទាង៖