(ភ្នំពេញ)៖ លោក អ៉ឹម លឹម សាស្ត្រាចារ្យភាសាបារាំងជំនាញបកប្រែ ដេប៉ាតឺម៉ង់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជិត៣០ឆ្នាំ បានឱ្យដឹងថា ដើម្បីក្លាយជាអ្នកបកប្រែដ៏ល្អ ក្រៅពីមានភាពម៉ឺងម៉ាត់ ច្បាស់លាស់ទៀងទាត់ សុច្ចរិត និងចេះបត់បែនតាមកាលៈទេសៈ អ្នកបកប្រែត្រូវចេះស្រលាញ់ភាសាជាតិ ខ្លួនឯងទើបប្រសើរ។

លោក អ៉ឹម លឹម បានលើកឡើងដូចនេះនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកអញ្ចើញចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍លើការងារជាអ្នកបកប ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលការងារ ហ្វ្រង់កូហ្វូនភ្នំពេញ ស្ថិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបថា នេះជាលើកទី១ ដែលទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំងនៅកម្ពុជា (AUF- Cambodge) បានអញ្ជើញអ្នកជំនាញបកប្រែ មកចែករំលែក បទពិសោធន៍ លើវិស័យនេះជាមួយយុវជន និស្សិត សាស្ត្រាចារ្យនិងអ្នកជំនាញវ័យក្មេងប្រមាណជាង៦០នាក់ ដែលចូលរួមក្នុងកម្មវិធីដោយផ្ទាល់ និងតាមអនឡាញ ហើយក៏ជាលើកទី៣ដែរ ចាប់តាំងពីមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនត្រូវបានបង្កើតឡើងនាខែកញ្ញា ឆ្នាំ២០២១។

លោក អ៉ឹម លឹម បានបន្ថែមដែរថា ធ្វើជាអ្នកបកប្រែកុំអួតអាងពេក ត្រូវចេះដាក់ខ្លួនអោនលំទោន ត្បិតយើងចេះភាសាគេមិនអស់នោះទេ ហើយយើងអាចអស្ចារ្យ នៅវិស័យណាមួយ តែមិនពូកែគ្រប់វិស័យទេ ត្រូវចេះសួរគេផ្នែកជំនាញដែលត្រូវបកបដើម្បីស្វែងយល់ពីគេជាមុន ទើបបកប្រែមិនសូវខុស។ ម្យ៉ាងទៀតត្រូវរៀនរហូត រៀនស្វែងយល់គ្រប់វិស័យ និងមិនត្រូវទុកចិត្តវចនានុក្រម ឬម៉ាស៊ីនបកប្រែ (Google Translate) ពេកដែរ ប៉ុន្តែត្រូវស្រាវជ្រាវបណ្តុះចំណេះដឹងរបស់ខ្លួនជានិច្ច។

លោកបានអះអាងថា ម៉ាស៊ីនមិនអាចជំនួសមនុស្សបានទេ ពីព្រោះម៉ាស៊ីនអត់មានមនោសញ្ចេតនាទេ វាគ្រាន់តែមានការគណនាលឿនជាងមនុស្សប៉ុណ្ណោះ ហើយទោះបីយ៉ាងណា វាមិនអាចដណ្ដើមការងាររបស់មនុស្សបានទេ ប៉ុន្តែយើងត្រូវចេះយកវាមកប្រើឱ្យមានប្រយោជន៍។

លោក សុខ លឹមស៊្រុន តំណាងដេប៉ាតឺម៉ង់ភាសាបារាំង បានឱ្យដឹងថា ការបណ្តុះបណ្តាលលើជំនាញបកប្រែ បានបង្កើតឡើងសារជាថ្មី នៅឯវិទ្យាស្ថាន ភាសាបរទេស រៀងរាល់ចុងសប្តាហ៍ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកសិក្សាអាចបន្តការសិក្សារបស់ខ្លួនក្រៅម៉ោងធ្វើការបានផងដែរ។

សូមជម្រាបថា មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនភ្នំពេញ ជាផ្នែកមួយនៃគំរោងរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បង្កើតឡើងនៅទូទាំងពិភពលោក ជាពិសេសនៅតាមបណ្តាប្រទេសដែលមានគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកក្នុងគោលបំណងផ្តល់ប្រឹក្សាក្នុងវិធីសាស្ត្រស្វែងរកការងារ ការបណ្តុះបណ្តាលលើ ការបញ្ចៀបក្នុងការងារដល់និស្សិត ការបណ្ដុះបណ្ដាលលើគំរោងវានុវត្តន៍ និងសហគ្រិនភាព ជាទីកន្លែងប្រសព្វរវាងអ្នកជំនាញនិងសាស្ត្រាចារ្យ និស្សិត ធ្វើការផ្លាស់ប្ដូរចែករំលែកបទពិសោធន៍នានា ក៏ដូចជាទីកន្លងពិភាក្សាលើប្រធានបទផ្សេងៗផ្សារភ្ជាប់វិស័យអប់រំ និងទីផ្សារការងារផងដែរ៕