(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត ត្រូវបានប្រកាសជាផ្លូវការ ជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ដែលធ្វើឡើងក្រោមអអធិបតីភាពលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១២ ទើបជាប់ឆ្នោត ក្នុងស្រុកស្ទឹងត្រង់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា មានកត្តា៦ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅនេះ រួមមាន៖

*ទី១៖ សុខសន្តិភាព
*ទី២៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ
*ទី៣៖ ការកើនឡើងនូវមធ្យោបាយដឹកជញ្ជូន
*ទី៤៖ ជំរុញជីវភាពប្រជាពលរដ្ឋអោយបានល្អប្រសើរ
*ទី៥៖ ធ្វើឲ្យតំបន់ជនបទទាំងអស់ក្លាយទៅជាតំបន់ទេសចរណ៍
*ទី៦៖ ការប្រើវ៉ាក់សាំងជូនប្រជាពលរដ្ឋ ការពារការឆ្លងជំងឺកូវីដ១៩។

លោក យឹម ឆៃលី បានថ្លែងបន្តថា សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ទើបជាប់ឆ្នោតត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច គឺផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និងគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមា គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ភូមិ ឃុំ ត្រូវមានអនាម័យល្អ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវនានាប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាជន ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងត្រូវខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស ខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ -២០២៧ របស់សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាជនឱ្យទទួលបានសមិទ្ធផលថ្មីៗទៀត និងយកចិត្តទុកដាក់រៀនសូត្រ កសាងសមត្ថភាពការងារខ្លួនដែលជាប្រធានជំទប់ និងសមាជិកក្រុមប្រឹក្សាទទួលតំណែងថ្មី។

ត្រូវពង្រឹងការអនុវត្តឱ្យបានល្អនូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជាពិសេសការពង្រឹងមន្ត្រីបង្គោលរបស់ចៅសង្កាត់ មេប៉ុស្តិ៍ របស់ក្រុមប្រឹក្សា ស្មៀន និងមេភូមិឱ្យទទួលបានការគោរពស្រឡាញ់រាប់អាន និងជឿទុកចិត្តពីប្រជាជន ត្រូវហ៊ាននិយាយរិះគន់កែលម្អ មន្ត្រីបង្គោលណាដែលបម្រើប្រជាជនក្នុងមូលដ្ឋានខ្លួនមិនបានល្អផងដែរ៕