(សៀមរាប)៖ «ដើមបូព្រឹក្ស» ជាប្រភេទដើមឈើធំមានផ្កាចេញជាពណ៌ផ្កាឈូកស្រទន់ ត្រូវបានអភិបាលស្រុកបន្ទាយស្រី រៀបចំដាំនៅអមសងខាងផ្លូវឆ្លងកាត់ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពភូមិ ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងឱកាសដាំដើមបូព្រឹក្ស នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២២ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ការដើមដើមបូព្រឹក្ស នៅអមសងខាងផ្លូវនេះ មិនត្រឹមតែផ្តល់សម្រស់ប៉ុណ្ណោះទេ តែក៏ជាការផ្តល់ភាពបៃតងនៅតាមដងផ្លូវសម្រាប់អ្នកទេសចរផងដែរ។

លោកបញ្ជាក់ថា កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទិ្ធនារីកម្ពុជា និងមានការអញ្ជើញចូលរួមដាំដោយតំណាងសមាជិកាគាំទ្រ សមាជិកសកម្ម ក្រុមកន្ទុំរុយ និងអ្នកគ្រូបង្គោលសរុបជាង ៧០នាក់ ដឹកនាំដោយ លោកស្រី ធៀង កតិកា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីខេត្តសៀមរាប។

លោកអភិបាលស្រុក ថ្លែងអំណរគុណចំពោះសមាគមកាយឫទិ្ធនារីកម្ពុជា និងលោកស្រីអគ្គស្នងការ ដែលតែងតែបានផ្តល់ឱកាសដល់កុមារី និងយុវតី នៅក្នុងស្រុកបន្ទាយស្រី ចូលរួមសកម្មភាពនានា ទាំងការអភិវឌ្ឍខ្លួន និងការចូលរួមសកម្មភាពសង្គមផងដែរ៕