(តាកែវ)៖ បុរសចំនួន២នាក់ ដែលតំណាងរបស់ក្រុមហ៊ុន «យូនីស៊ីធី» ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួនក្រោយឆបោកប្រាក់ពីប្រជាពលរដ្ឋនៅខេត្តតាកែវ និងខេត្តកំពត អស់រាប់ម៉ឺនដុល្លារ។

ការចាប់ខ្លួនតំណាងក្រុមហ៊ុន យូនីស៊ីធី ទាំង២នាក់នេះ បានធ្វើឡើងនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ ទៅលើជនសង្ស័យចំនួន២នាក់»

លោកអធិការស្រុកបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជៀន វុទ្ធី អាយុ២៧ឆ្នាំ នៅភូមិចំការបីឃុំពងទឹកស្រុកដំណាក់ចង្អើខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី
*ទី២៖ ឈ្មោះ ឈិន វ៉េត អាយុ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក មុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធីពី បទឆបោកប្រាក់។លោកវរសេនីយ៍ឯក ឌុក ធីយ៉ា បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងរួមមាន៖

*ទី១៖ ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិដំណាក់ឈើ ក្រមឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨,០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។
*ទី២៖ ឈ្មោះ ណុប ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៣៨,៣០០ដុល្លារ។
*ទី៣៖ ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧,០០០ដុល្លារ
និងទី៤៖ ឈ្មោះ ស៊ឺម ហ៉ីម ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ត្រូវជនសង្ស័យឆបោកប្រាក់អស់៤០,០០០ដុល្លារ។

បើតាមលោកអធិការស្រុកត្រាំកក់ បានគូសបញ្ជាក់ថា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកស្នងការខេត្ត ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញា សមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

លោកស្រី កយ ជា តំណាងឱ្យក្រុមប្រជាពលរដ្ឋដែលជាជនរងគ្រោះទាំង៤នាក់សង្ឃឹមថា សមត្ថកិច្ច និងតុលាការ ជួយដោះស្រាយធ្វើយ៉ាងណាឱ្យជនសង្ស័យក៏ដូចជាតំណាងក្រុមហ៊ុន «យូនីស៊ីធី» សងប្រាក់ត្រលប់មកពួកគាត់វិញ ព្រោះលុយដែលពួកគាត់យកទៅឱ្យក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឱ្យទាំងលុយការ និងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕