(ស្វាយរៀង)៖ សត្វគោក្របីចំនួន១១ឃុំ នៃស្រុកកំពង់រោទិ៍ កំពុងផ្ទុះជំងឺសារទឹក និងជំងឺអុតក្តាម ខណៈមន្ត្រីជំនាញបានចុះព្យាបាលតែខ្វះថ្នាំ ហើយអាជ្ញាធរ និងពលរដ្ឋអំពាវនាវដល់ក្រសួងកសិកម្ម សូមជួយផ្ដល់ថ្នាំបន្ថែមទៀត ដើម្បីព្យាបាលសត្វគោក្របី ឲ្យបានទាន់ពេលវេលា។

ការអំពាវនាវបែបនេះរបស់អាជ្ញាធរស្រុកកំពង់រោទិ៍ បន្ទាប់ពីមានសត្វគោក្របីឈឺ និងងាប់ជាបន្តបន្ទាប់។

មន្ត្រីកសិកម្មស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា ករណីផ្ទុះជំងឺសារទឹក និងអុតក្តាម ទៅលើសត្វគោក្របីរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ គិតក្នុងខែកក្កដាកន្លងទៅនេះ មានចំនួន៣៩២៥ក្បាល ងាប់១៨ក្បាល និងព្យាបាលជា៣៩០០ក្បាល ក្នុងនោះមន្ត្រីជំនាញ បានចុះសហការជាមួយពេទ្យសត្វភូមិ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា តែក្នុងការព្យាបាលនេះក៏មានការខ្វះខាតថ្នាំផងដែរ។

ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ បានឲ្យដឹងថា សត្វគោក្របីរបស់ពួកគាត់ បានផ្ទុះជំងឺសារទឹក និងជំងឺអុតក្តាមជាច្រើនខែមកហើយ។ ពួកគាត់ថា «ការព្យាបាលត្រូវចំណាយថវិកា ដោយបានហៅពេទ្យសត្វភូមិមកព្យាបាល ហើយមន្ត្រីជំនាញក៏បានមកពិនិត្យ និងព្យាបាលដែរ តែសត្វគោក្របីឈឺច្រើនពេកទើបខ្វះថ្នាំ»

សូមបញ្ជាក់ថា ការផ្ទុះឡើង នៃជំងឺអុតក្តាម និងជំងឺសារទឹកលើគោក្របីនេះ ក៏កើតមាននៅតាមបណ្ដាស្រុកក្រុងមួយចំនួនទៀតនៅក្នុងខេត្តស្វាយរៀងផងដែរ ហើយភាគច្រើន មន្ត្រីជំនាញខ្វះថ្នាំក្នុងការព្យាបាល ដោយពលរដ្ឋបានចំណាយថវិកា ដើម្បីហៅពេទ្យសត្វភូមិដែលជាពេទ្យសត្វស្ម័គ្រចិត្ត មកព្យាបាលសត្វគោក្របីផងដែរ៕