(បន្ទាយមានជ័យ)៖ ទឹកភ្លៀងបាននិងកំពុងហូរមកពីភូមិសាស្ត្រប្រទេសថៃ ធ្លាក់មកតាមអូរព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់តាមបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វាអាចបង្កឲ្យផ្ទះប្រជាពលរដ្ឋលិចលង់បានដូចឆ្នាំ២០២១ទៀត។

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកបានដឹកនាំក្រុមការងារមួយក្រុម ចុះពិនិត្យមើលស្ថានភាពក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋក្នុងភូមិសស្ត្រនេះដែលត្រៀមកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្រុកថៃជាច្រើនគ្រួសារ និងត្រៀមជញ្លៀសទៅនៅទីទួលសុវត្ថិភាពផងដែរ។

លោក គាត ហ៊ុល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងពុំទាន់មានការជន់លិចលំនៅដ្ឋានពលរដ្ឋនោះទេ តែលោកបានទទួលព័ត៌មានពីលោកអភិបាលខេត្តស្រះកែវ ប្រទេសថៃថា សូមឲ្យពលរដ្ឋកម្ពុជារស់នៅតាមមាត់អូ សូមមេត្តាត្រៀមជាស្រេច ព្រោះទឹកជំនន់ជន់លិចក្នុងប្រទេសថៃ ជាបន្តបន្ទាប់តាមភូមិសាស្ត្រមួយចំនួនហើយ។

ក្នងនោះលោក គាត ហ៊ុល បានសូមឲ្យប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងភូមិសាស្ត្រខាងលើ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពេលមានទឹកជំនន់ត្រូវប្រយ័ត្នកូនចៅលង់ទឹក ចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ១៩ជាដើម។

ជាមួយគ្នានេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យអាជ្ញាធរ ស្រុក ឃុំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុគ្រោះទឹកជំនន់នេះ៕