(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ បានសម្តែងនូវរីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងត្រូវបានបន្តរយៈពេលប្រាំឆ្នាំ ទៅមុខទៀត ទោះបីជាមានបញ្ហាមួយចំនួនគួរឱ្យបារម្ភនៅក្នុងតំបន់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា៖ «ទោះបីជាយើងសង្កេតឃើញមាននិន្នាការដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងតំបន់នាពេលថ្មីៗនេះក្តី ខ្ញុំរីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងត្រូវបានបន្តរយៈពេលប្រាំឆ្នាំទៅមុខទៀត»

សូមបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃទី៤ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះក៏មានកិច្ចប្រជុំនៃគណៈកម្មការតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)ផងដែរ៕