(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសលោកអញ្ជើញចូលរួមពិធីរាត្រីសមោសរ ដើម្បីប្រមូលថវិកាសម្រាប់ ជួយដល់ការដោះមីននៅកម្ពុជា «MBCC CHARITY GALA DINNER» សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីប្រចាំកម្ពុជា (MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ហើយជោគជ័យនេះសម្រេចទៅបានដោយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុវិស័យ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ព្រមជាមួយនឹងការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ មិនមានការស្លាប់ បាត់បង់ជីវិតដោយសារសង្គ្រាម តែកាកសំណល់សង្គ្រាម និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅតែជាឃាតករលាក់មុខតាម យាយីឆក់យកអាយុជីវិត អវយវៈ និងឱកាសរបស់ប្រជាពលរដ្ឋពីការចូលរួមពេញលេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។

ឧត្តមសេនីយ៍ឯក បានបន្តថា ដោយស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្តប្រែក្លាយផ្ទៃដីដែលមានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផលផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកង យោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុង ឆ្នាំ២០២៥។ យើង បេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការ រំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ។

ជាចុងក្រោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី នៅកម្ពុជាចំពោះទឹកចិត្តសប្បុរសធម៌ មនុស្ស ធម៌ ក្នុងការចូលរួមគាំទ្រដល់ សកម្មភាព សម្អាត មីននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជា បានរំដោះដីដែលមានមីនទំហំ ២,៤១០,២៥គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញ និងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១,១៤០,៧៩៤គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦,០៤៣គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣,០០៣,៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋចំនួន ៧,៣៦៣,៣៤៤នាក់ សើ្មនឹង ៣,៣៦៤,៣៨៧គ្រួសារ៕