(សៀមរាប)៖ ឥឡូវនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន អង្គរដោយមិនគិតថ្លៃ ក្រោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះបើតាមសុន្ទរកថារបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតជូនភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរដោយមិនគិតថ្លៃ ដែលនឹងជំរុញរំហូរទេសចរផ្ទៃក្នុងមកកាន់ខេត្តសៀមរាបបន្ថែមទៀត។
លោកបានបន្តថា រាជរដ្ឋាភិបាលក៏បានផ្តល់គោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា ក្នុងនោះ៖
* ទិញបណ្ណប្រភេទ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ មានសុពលភាពរយៈពេល៥ថ្ងៃ។
* ទិញបណ្ណប្រភេទ៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ មានសុពលភាពរយៈពេល១០ថ្ងៃ។
* ទិញបណ្ណប្រភេទ៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ មានសុពលភាពរយៈពេល១ខែ។
គួរជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។
ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣៕