(ភ្នំពេញ)៖ លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានកិត្តិយស ប្រធានជនបង្គោល ប្រធានសាខា របស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តលលបច្ចេកទេស និងវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សរុបប្រមាណ ៤៥០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង សួរ បានរំលឹកពីជីវប្រវត្តិខ្លះៗ នៃការបង្កើតសមាគមនេះឡើង ក្រោមគំនិតផ្ដួចផ្ដើមដោយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ជាខួបលើកទី៧ឆ្នាំហើយ នៃកំណើតរបស់សមាគម។

ជាមួយគ្នានោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់គ្រឹះស្ថាន TVET និងសមាជិកាទាំងអស់ដែលបានចូលរួមសកម្មភាពនានារបស់សមាគម ជាពិសេសចូលរួមការងារស្ម័គ្រចិត្តជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន។

លោក ហេង សួរ បានលើកឡើងថា សមាគមនឹងបន្តរៀបចំបង្កើតសាខាសមាគមបន្ថែមទៀតនៅគ្រឹះស្ថាន TVET តាមបណ្តាខេត្ត, រៀបចំចងក្រងអតីតសមាជិកដែលកំពុងធ្វើការ និងប្រកបមុខរបរដោយខ្លួនឯង, រៀបចំកម្មវិធីលើកទឹកចិត្តដល់សមាជិកក្នុងការសិក្សាស្រាវជ្រាវ, ទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីផ្តល់ឱកាសដល់សមាជិកទទួលបានការចុះកម្មសិក្សា និងឱកាសការងារ, បន្តចូលរួមការងារសង្គម និងការងារមនុស្សធម៌នានា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកា សរុបចំនួន ៦ ៨១៨នាក់ និងមានសាខាចំនួន ២៤ នៅ១៣ រាជធានី-ខេត្ត ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ១)រឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិតផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ២)ផ្ដល់ការគាំទ្រ និងលើកទឹកចិត្តការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត ៣)ផ្តល់ព័ត៌មានអាហារូបករណ៍ និងការងារ និងប្រឹក្សាយោបល់ដល់អតីតសិក្ខាកាម សិស្ស និស្សិតផ្នែក TVET ៤)បណ្ដុះនូវគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិក និងយុវជនទូទៅ ៥)ចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គម និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អៗ របស់ខ្មែរ ៦)សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែក TVET ៧)ស្វែងរកមូលនិធិជួយដល់សិស្ស និស្សិតក្រីក្រ និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិស្សិតដែលរៀនពូកែ៕