(កោះកុង)៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្ដដឹកស្រាបៀរ បើករេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងព្រៃ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដែលកើតឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ចំណុចភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្ដដែលក្រឡាប់ពាក់ស្លាកលេខព្រះសីហនុ 3A-2437 គឺបង្កដោយតាកុងបើកក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវចំណោទ ដោយដឹកស្រាបៀរផង ធ្វើឱ្យហ្រ្វាំមិនស៊ី ក៏ជ្រុលចង្កូតក្រឡាប់ចូលព្រៃ ធ្វើឱ្យមនុស្សនៅក្នុងរថយន្ត៥នាក់ ៣នាក់របួសធ្ងន់ និង២នាក់របួសស្រាល។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ចូនមកសង្គ្រោះនៅភ្នំពេញ ចំណែករថយន្ដត្រូវសមត្ថកិច្ច ស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបូទុមសាគរ៕