(បាងកក)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) រួមជាមួយក្រុមហ៊ុនជាសមាជិក របស់សហព័ន្ធ៥ ផ្សេងទៀតកំពុងមានវត្តមានក្នុងពិព័រណ៍ ម្ហួបអាហារប្រចាំតំបន់អាស៊ី ហៅកាត់ថា THAIFEX នៅក្នុងប្រទេសថៃ ដើម្បីតាំងបង្ហាញផលិតផលអង្ករថ្មីៗ ដែលក្រុមហ៊ុនជាសមាជិក ខិតខំប្រឹងប្រែងផលិត និងអភិវឌ្ឍចុងក្រោយ ដល់អ្នកចូលរួមមកពីជុំវិញពិភពលោក។

សហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការសហការពីសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) បានសម្រេចចិត្តចូលរួមពិព័រណ៍មួយនេះ ដើម្បីបង្ហាញផលិតផល និងផ្តល់ព័ត៌មានថ្មីៗ ដល់អ្នកបញ្ជាទិញ និងភ្ញៀវអន្តរជាតិ ពាក់ព័ន្ធវិស័យស្រូវអង្ករ ដែលជាអង្ករទទួលបាននូវ ពានរង្វាន់ជាអង្ករល្អបំផុត ក្នុងពិភពលោក បីឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣និងឆ្នាំ២០១៤។

ក្រុមហ៊ុនកម្ពុជាទាំងប្រាំ ដែលបានចូលរួមបង្ហាញផលិតផលរបស់ខ្លួន នៅពីព័រណ៍ថ្នាក់តំបន់THAIFEX រួមមាន៖

- ក្រុមហ៊ុន ខ្មែរហ្វួត (Khmer Foods Group Co., Ltd.)
- ក្រុមហ៊ុន ហ្គោលដិនរ៉ាយ Golden Rice (Cambodia) Co.,Ltd
- ក្រុមហ៊ុន ស៊ីធីរ៉ាយ City Rice Import Export Co.,Ltd
- ក្រុមហ៊ុន អប្សរារ៉ាយ (Apsara Rice (Cambodia) Co.,Ltd
- ក្រុមហ៊ុន Mekong Agro (KH) Industries Limited

ស្តង់តាំងពិព័រណ៍កម្ពុជា ស្ថិតក្នុងចំណោមស្តង់ពិព័រណ៍សរុប ១៩១៩ មកពីប្រទេសចំនួន៤០នៅក្នុងពិភពលោក។ ស្តង់ផលិតផល របស់កម្ពុជា ត្រូវបានរចនាឡើងដោយបង្ហាញ នូវអត្តសញ្ញាណជាតិ ដោយយកប្រាសាទអង្គរវត្តជានិមិត្តសញ្ញាព្រមទាំងមានសកម្មភាព នានាពាក់ព័ន្ធវិស័យកសិកម្ម នៅក្នុងស្រុកជាពិសេសរបៀបដាំដុះរបស់ប្រជាកសិករខ្មែរ។

ក្នុងវេទិកាស្រូវអង្ករកម្ពុជា នាខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានកោតសរសើរ ប្រកបដោយមោទនភាព ចំពោះកសិករកម្ពុជាថា ជាអ្នកដែលបានខិតខំ ប្រឹងប្រែងតស៊ូ ព្យាយាម និង សង្វាត ក្នុងការងារបង្កបង្កើន ផលស្រូវ ហើយផលិតបានអង្ករដ៏ឆ្ងាញ់ សម្រាប់ពិភពលោក៕