(អាមេរិក)៖ បន្ទាប់ពីចំណងមិត្តភាពវៀតណាម និងសហរដ្ឋអាមេរិក បានវិលទៅរកផ្ទៃមេឃពណ៌ខៀវ ស្រងាត់ឡើងវិញនោះ បញ្ហាផ្សេងៗដទៃទៀតក៏ឈានទៅរកភាពប្រសើរឡើងជាបន្ទាប់ ហើយពេលនេះ កងកម្លាំងប្រតិបត្តិការពិសេស មកពីអាមេរិក និង វៀតណាម បានបង្ហាញសញ្ញាថាពួកគេត្រៀមខ្លួនរួច ជាស្រេចហើយដើម្បីចងសម្ព័ន្ធភាពយោធាឲ្យបានស្អិតល្មួត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

អគ្គមេបញ្ជាការកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិកលោក Colin Kilrain ប្រចាំ តំបន់អាស៊ីនប៉ាស៊ីហ្វិក បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍មួយថា លោកបានជួបជាមួយមេបញ្ជាការ កងកម្លាំងពិសេសវៀតណាម រួចហើយនៅក្នុងទីក្រុង Tampa រដ្ឋផ្លូរីដាសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍ នេះដោយ «ប្រទេសទាំងពីរ មានបំណងចង់ពង្រឹងទំនាក់ទំនង ប៉ុន្តែយើងត្រូវតែរង់ចាំមើលថា តើរដ្ឋាភិលបាលប្រទេសទាំងពីរ នឹងសម្រេចយ៉ាងណាជាមុនសិន»។

គួរបញ្ជាក់ថាកិច្ចពិភាក្សារវាងមេបញ្ជាការទាំងពីរប្រទេសខាងលើនេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃ ព្រហស្បតិ៍ ដែលវាបានកើតឡើងពីរថ្ងៃបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា សម្រេចដកទណ្ឌកម្មលើ ការលក់ដូរ អាវុធទៅឲ្យប្រទេសវៀតណាម។ ដោយឡែកបញ្ហាសិទ្ធិមនុស្ស ដែលអាមេរិកតែងតែ ជម្រុញវៀតណាមឲ្យគិតគូបំផុតនោះ បែរក្លាយជាប្រធានបទតូចតាចទៅវិញ៕