(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ជាថ្ងៃទី២ដែល លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា មន្ត្រី យុវជន អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ មកពីស្រុកថ្មពួក មានចំនួន៣០គ្រួសារ ស្រុកស្វាយចេកចំនួន៣០គ្រួសារ និងស្រុកមង្គលបុរីចំនួន៧០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ សរុបចំនួន១៣០គ្រួសារ។

ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី អគ្គលេខាធិការ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងការចូលរួមសោកស្តាយ នូវការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូន រងគ្រោះដោយសារខ្យល់កន្ត្រាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានពាំនាំនូវសារសំខាន់ៗមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានខ្លឹមសារដូចតទៅ៖

១-សូមបងប្អូនប្រុងប្រយ័ត្ននូវ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាពិសេសរន្ទះអាចបាញ់ វត្ថុដែលខ្ពស់ លោហធាតុ (គ្រឿងដែក) ក្នុងទឹក (ជិះទូកក្នុងទន្លេ) និងមនុស្សដែលឈរនៅទីវាលលំហ ឬទីខ្ពស់ (ដូចជាដំបូលផ្ទះ) ដូច្នេះសូមបងប្អូន ជៀសវាងកន្លែងដែលរៀបរាប់ ដូចខាងលើកុំឲ្យមានគ្រោះថ្នាក់ ដោយប្រការណាមួយ និងត្រូវសាងសង់ផ្ទះឱ្យមានភាពធន់ «ផ្ទះប្រកបដោយសុវត្ថិភាព»។

២- សូមបងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ បើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

៣-តាមបទពិសោធន៍កន្លងមក ក្នុងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា នឹងបង្កើនការផ្តល់ស្រះ-អណ្តូង ស្តារស្រះ ជួសជុលអណ្តូង និងជីកអណ្តូងឲ្យបានជ្រៅ និងច្រើនជាងនេះទៅតាមលទ្ធភាព ដើម្បីជួយបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ និងឥឡូវនេះមានភ្លៀងធ្លាក់ ហើយសូមបងប្អូនត្រងទឹកភ្លៀងទុក ប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ។

៤-សូមឲ្យបងប្អូនប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើបញ្ហាសុខភាព ធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ មានអនាម័យល្អ ពិសារទឹកឆ្អិន លាងដៃឲ្យបានស្អាតមុនពេលហូបអាហារ ពោលគឺត្រូវចេះ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

៥-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ហើយត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បើសង្ស័យថា ក្នុងខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាម ហើយទទួលយកថ្នាំពន្យារជីវិតពីគ្រូពេទ្យ និងវិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន។

អំណោយមនុស្សធម៌ ដែលត្រូវចែកជូននាពេលនោះ ក្នុងគ្រួសារនីមួយៗទទួលបាន៖ ៣០គីឡូក្រាមមី១កេស ត្រីខ១០កំប៉ុង ឃីត១ (សារុង មុង ភួយ ក្រមា) និងថវិកាមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋរលំផ្ទះចំនួន១៣ខ្នង បានទទួលកៅស៊ូតង់១បន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៥-២៦-២៧ ខែឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ សារុបមានចំនួន ៤៩៧គ្រួសារ មកពីស្រុកចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យ៕