(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធខេត្តកណ្ដាល នៅថ្ងៃទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព និងនាំយកថវិកា១៦,៩៨៥,០០០រៀល ទៅជូនគ្រួសារសព លោកអនុសេនីយ៍ឯក វណ្ណ វាសនា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

អំណោយដែលបានយកទៅជូនពេលនោះមានថវិកា១៦,៩៨៥,០០០រៀល និងអំណោយជាអង្ករ១៥០គីឡូ ដែលបានពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងពីតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ទាំងអស់ក្នុងខេត្តកណ្ដាល ព្រមទាំងមន្ដ្រីជាច្រើនទៀតក្នុងខេត្ត។ លោកឧត្តមសេនីយ៍ត្រី បានថ្លែងថា «នេះបង្ហាញនូវការយកចិត្តទុកដាក់ ពីនាយឧត្តម​សេនីយ៍ សៅ សុខា ដែលតែងតែយកចិត្តចំពោះមន្ដ្រីថ្នាក់ក្រោមគ្រប់រូប ដែលជួបការលំបាក និងមានគ្រោះថ្នាក់ផ្សេងៗ»។ លោកមេបញ្ជាការ បានលើកឡើងថា ការបាត់បង់ជីវិតរបស់​មន្រ្តីអាវុធហត្ថ គឺជាការបាត់បង់មន្រ្តីដែលមានស្នាដៃមួយ ដែលធ្លាប់បានចូលរួមលើកិច្ចការជួយសង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់នាពេលកន្លងទៅ៕