(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បា​នថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចឲ្យដឹងថា គណបក្សសង្គ្រោះជាតិ មិនទាន់មានប្រតិកម្មអ្វីនោះទេ គឺនៅរក្សាស្ថាន​ភាពស្ងៀម​ស្ងាត់ មិនដូចព័ត៌មានលើកឡើងថា CNRP បានធ្វើលិខិត អន្តរាគមន៍ទៅ​សម្តេចក្រឡាហោម, លោក កឹម សុខា ប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ និងព័ត៌មានអំពីការផ្ទេរ​ការគ្រប់គ្រង​ឲ្យលោក ប៉ុល ហំម ដឹកនាំគណបក្ស។  

លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ តំណាងរាស្រ្ត និងមន្រ្តីរបស់គណបក្សបាននឹងកំពុងស្ថិតនៅជុំគ្នា នៅទីស្នាក់ការគណបក្ស ដើម្បីពិភាក្សាគ្នាជុំវិញករណីឃាត់ខ្លួន ប៉ុន្តែមិនទាន់មានអ្វីប្រតិកម្ម​នោះឡើយ។

សូមជំរាបថា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា «កម្លាំងសមត្ថកិច្ចបានឃាត់ រថយន្ត របស់លោក កឹម សុខា នៅតាមបណ្តោយ​មហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ»

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ​ តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​ បានឲ្យដឹងថា មានការឃាត់ឆែក​ឆេររថយន្តរបស់លោក កឹម សុខា ពិតប្រាកដមែន៕