(ក្រចេះ)៖ លោក ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំកម្លាំង បើកប្រត្តិបត្តិការ តាមប្រមាញ់បង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ហើយបានក្របួចចាប់ជនសង្ស័យ ចំនួន២នាក់ និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃ៤គ្រឿង និងសម្ភារមួយចំនួនស្ថិតនៅក្នុង ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

លោក ផាត សុភក្រ័វាសនា បានឲ្យដឹងថា «ការបង្ក្រាបករណីខាងលើនេះ ក្រោមការសម្របសម្រួលពីសំណាក់លោក ទូតវីនីត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ ទើបធ្វើឱ្យឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ម្នាក់ឈ្មោះ មុតលី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះ ចេង វាសនា ហៅអាវ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិការប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ»។ ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ន នៅមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕