(ភ្នំពេញ)៖ បើចង់បានក្របខណ្ឌពេញសិទ្ធិ នៅក្នុងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនោះ បុគ្គលិកជាប់កិច្ចសន្យាត្រូវបំពេញបែបបទមួយ ហើយបង់លុយ៥ពាន់ដុល្លារ ជូនអ្នកជំនាញរត់ការបញ្ចូលឈ្មោះ នៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នេះបើតាមការរៀបរាប់ របស់មន្រ្តីជាប់កិច្ចសន្យាយូរឆ្នាំម្នាក់ នៅក្នុងមន្ទីរនេះ។

ប្រភពខាងលើដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានរដ្ឋបាលនៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានយកលិខិតមួយច្បាប់ឱ្យមន្រ្តីជាប់កិច្ចសន្យានានា បំពេញសម្រាប់ការបញ្ចូលទៅក្របខណ្ឌក្រសួងសុខាភិបាល ហើយឱ្យពួកគេបង់លុយ៥ពាន់ដុល្លារ ដើម្បីទទួលបានក្របខណ្ឌនោះ។

ប្រភពខាងលើនិយាយថា ក្របខណ្ឌដែលផ្តល់ដោយក្រសួងសុខាភិបាល មានកំណត់ ចំណែកបុគ្គលិកជាប់កិច្ចសន្យាជំនាញ សុខាភិបាលនៅទូទាំងប្រទេសមានច្រើន ដូច្នេះបើនរណាមិនបង់តាមការទាមទារ របស់ផ្នែករដ្ឋបាលមន្ទីរទេនោះ នឹងមិនមានឈ្មោះឡើង ទៅយកក្របខណ្ឌនៅក្រសួងឡើយ។ ប៉ុន្តែបើអ្នកមានលុយវិញ ទោះជាមិនមែនជាមន្រ្តីជាប់កិច្ចសន្យាក៏ដោយ ក៏ពួកគេដាក់បញ្ចូលដែរ ដោយគ្រាន់តែបង់ប្រាក់លើសមន្រ្តីជាប់កិច្ចសន្យា ២-៣ពាន់ដុល្លារប៉ុណ្ណោះ។

ជុំវិញករណីខាងលើមន្រ្តីជាប់កិច្ចសន្យាខាងលើ បានអំពាវនាវឱ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អន្តរាគមន៍ និងស្រាវជ្រាវ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីទាំងនេះ។

ទោះជាយ៉ាងណា Fresh News មិនទាន់អាចទំនាក់ទំនង ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញលិខិតមួយ ដោយបង្គាប់ឱ្យប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត បញ្ជូនបញ្ជីឈ្មោះមន្រ្តីជាប់កិច្ចសន្យាជំនាញសុខាភិបាលរបស់ខ្លួន ដើម្បីឱ្យក្រសួងបញ្ចូលទៅក្នុង ក្របខណ្ឌរបស់ក្រសួងសុខាភិបាល និងរៀបចំបៀវត្សជូនសាមីខ្លួន។

នៅក្នុងលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពក្នុងការបន្ថែម ក្របខណ្ឌចំនួន៣៦៨៩កន្លែង ដល់ក្រសួងសុខាភិបាល ហើយថាបញ្ជីឈ្មោះមន្រ្តីជំនាញសុខាភិបាលជាប់កិច្ចសន្យាត្រូវរៀបចំឱ្យបានរួចរាល់ បញ្ជូនឱ្យក្រសួង យ៉ាងយូរត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបញ្ចូលទៅក្នុងក្របខណ្ឌ៕