(ភ្នំពេញ)៖ គិតត្រឹមម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តអវត្តមាន នៅក្នុងការចូលឆ្លើយបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។

នេះជាលើកទី២ហើយ ដែលលោកសម្រេចមិនចូលបំភ្លឺ ក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿង សញ្ជារកម្ម ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកៅ ហៅលោក កឹម សុខា ក្នុងនាមជាសាក្សី ជាលើកទី២ ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ជុំវិញដំណើររឿង ពាក់ព័ន្ធនឹង អំពើសញ្ជារកម្ម។

លោក កឹម សុខា ត្រូវបានកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ អះអាងថា មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយនាងរហូតដល់នាំគ្នាទៅដើរ លេងនៅប្រទេសថៃ។ ប៉ុន្តែស្រីមុំ បានចោទលោក កឹម សុខា ថា មិនបានធ្វើទៅតាមការសន្យាជាមួយនាងហើយប្តឹងទាមទារ សំណង៣០ម៉ឺនដុល្លារ៕