(ភ្នំពេញ)៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានចេញលិខិតជូនដល់អភិបាលខណ្ឌទាំង១២ នៅក្រុងភ្នំពេញ អំពីករណីចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិកាន់កាប់ផ្ទះដល់ជនបរទេស ចាប់ពីជាន់ទី១ ឡើងទៅ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានបញ្ជាក់ថា «យោងច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯជន នៃអគារសហកម្មសិទ្ធិដល់ជនបរទេស និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ ត្រង់មាត្រា៣បានចែងថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះអគារសហកម្មសិទ្ធិគ្រប់ប្រភេទទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានសាងសង់ដោយស្របច្បាប់។ ដូច្នេះចំពោះអគារសហកម្មសិទ្ធិ ដែលពុំមានលិខិតអនុញ្ញាតឲ្យសាងសង់ ពុំអាចយកមកអនុវត្តក្នុងការចុះហត្ថលេខាផ្ទេរសិទ្ធិកាន់កាប់ផ្ទះដល់ជនបរទេសបានឡើយ៕