(កណ្ដាល)៖ មុខសញ្ញាចោប្លន់ប្រដាប់អាវុធចំនួន១៣នាក់ ដែលត្រូវបាននគរបាលខេត្តកណ្ដាលសហការជាមួយនគរបាលរាជធានីភ្នំពេញចាប់ក្របួចបាននាពេលថ្មីៗនេះ ត្រូវបានសាលាដំបូងខេត្តកណ្ដាលសម្រេចចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ។

លោក សូ សារិន បានបញ្ជាក់ទៀតថា ពួកគេត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

គួររំលឹកថា មុខសញ្ញាចោរប្លន់ប្រដាប់អាវុធចំនួន១៣នាក់ ក្នុងចំណោម១៥នាក់ត្រូវបាននគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលក្រុងតាខ្មៅ រួមនឹងនគរបាលខណ្ឌច្បារអំពៅ តាមប្រដេញប្រមាញ់ផ្អើលពេញផ្លូវ និងក្នុងភូមិ ដោយមុខសញ្ញាទាំងអស់គ្នានេះបានចែកជើងគ្នារត់ប្រសាច ប៉ុន្តែដោយសារនគរបាលមានជំនាញខ្ពស់ចាប់បាន១៣នាក់ រត់បាត់ស្រមោលរកមិនឃើញចំនួន២នាក់។ ពួកគេនេះមិនត្រឹមតែប្លន់នោះទេ ក៏រកស៊ីជួញដូរថ្នាំញៀនផងដែរ។

យោងតាមរបាយការណ៍របស់នគរបាលខេត្តកណ្ដាលបានរៀបរាប់ថា ដោយទទួលបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងចុះអនុវត្តផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង បានធ្វើការស្រាវជ្រាវតាមប្រមាញ់មុខសញ្ញាខាងលើនេះក្រោយបានប្លន់នាពេលកន្លងមក ហើយពួកគេត្រូវនគរបាលស្រុកកៀនស្វាយស្ទាក់នៅលើដងផ្លូវជាតិលេខ១ តែដឹងខ្លួនក៏នាំគ្នារត់គេចខ្លួនដល់ខណ្ឌច្បារអំពៅ និងក្រុងតាខ្មៅ។

បើតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានឲ្យដឹងថា ហេតុការណ៍ចាប់ខ្លួននេះបានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយក្រោយទទួលបានដំណឹងពីមុខសញ្ញាភ្លាម លោកបានរាយការណ៍បន្ទាន់ទៅថ្នាក់លើ ហើយបានចុះដៃធ្វើការតាមប្រមាញ់បក្ខពួកចោរប្លន់នេះនៅស្រុកកៀនស្វាយ នៅពេលដែលក្រុមចោរបានជិះតាមផ្លូវជាតិលេខ១ ហើយពើបប្រទះសមត្ថកិច្ចក៏រត់គេចខ្លួន តែត្រូវបាននគរបាលដេញប្រមាញ់ និងសហការគ្នាល្អតាមក្របួចយកបាន១៣នាក់ និងរត់គេចខ្លួន២នាក់។

ជនសង្ស័យមានគ្នា១៥នាក់ រាយនាមដូចខាងក្រោម៖
១. ឈ្មោះ ហេង រិទ្ធី អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ក្រុងតាខ្មៅ
២. ឈ្មោះ អ៉ំ បូរិន ហៅម៉ៅ អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
៣. ឈ្មោះ យ៉ត ចន្ទដារ៉ា អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
៤. ឈ្មោះ យ៉ុន ប៊ុនណារ៉ូ អាយុ២៨ឆ្នាំ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
៥. ឈ្មោះ រឿន ភក្រ្តា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
៦. ឈ្មោះ ខេម សុខម៉េង អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
៧. ឈ្មោះ សុខរឿន ចិត្រា អាយុ១៧ឆ្នាំ មានទីលំនៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកណ្តាលស្ទឹង
៨. ឈ្មោះ អឿន វណ្ណី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
៩. ឈ្មោះ ឃី វណ្ណី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
១០. ឈ្មោះ នី ឆៃយ៉ា អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ព្រែករាំង១ ក្រុងតាខ្មៅ
១១. ឈ្មោះ ទ្រី ធារិទ្ធ អាយុ៤០ឆ្នាំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
១២. ឈ្មោះ អ៉ីម គីមសេង អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
១៣. ឈ្មោះ យ៉ុង សុភ័ក្រ អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងបី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនទាំង១៣នាក់នេះត្រូវបានឃាត់ខ្លួន។
១៤. ឈ្មោះ គន់ ប៊ី អាយុ៣២ឆ្នាំ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (គេចខ្លួន)។
១៥. ឈ្មោះ ឆិត សុខដា អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ(គេចខ្លួន)។

គួរបញ្ជាក់ថា សំណុំរឿងនេះមានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងលោកស្រី ពេជ ម៉ារ៉ែន ជាចៅក្រមទទួលបន្ទុក៕