(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានផ្តល់នូវអនុសាសន៍ចំនួន៥ចំណុច ជូនក្រុមការងារថ្នាក់កណ្តាលគណបក្សស្រុកអូររាំងឪ ជាពិសេសក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោត ដើម្បីបន្តប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ ខាងមុខនេះ។

ការផ្តល់អនុសាសន៍បែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារគណបក្សស្រុកអូររាំងឪ និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានលោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក គណៈអចិន្រ្តយ៍គណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧។

អនុសាសន៍ទាំង៥ចំណុចនេះរួមមាន៖

ទី១៖ សូមគណបក្សគ្រប់ថ្នាក់ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយគោលការណ៍ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងស្រុក ឱ្យបានជ្រួតជ្រាប ដើម្បីបន្តអនុវត្ត និងគាំទ្របក្សយើង។

ទី២៖ សូមបន្តដោះស្រាយ និងឆ្លើយតបនូវសំណូមពរ ការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋតាមឃុំទាំង៧ មុនពេលបោះឆ្នោត ទៅតាមជំហានៗជាក់ស្តែង ជាពិសេសគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កិច្ចគាំពារបរិស្ថាន ភូមិ ឃុំស្អាត និងជំរុញកសាងសេដ្ឋកិច្ចមូលដ្ឋាន

ទី៣៖ សូមបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្វែងយល់ពីតម្រូវការចាំបាច់របស់គាត់ និងផ្តល់ជូននូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មានចរិកជាយុទ្ធសាស្រ្តបម្រើផលប្រយោជន៍រួម និងយូរអង្វែង

ទី៤៖ សូមបន្តសិក្សា វាយតម្លៃ និងកសាងសមាជិកសមាជិកាថ្មី ឈរលើគោលការណ៍« រក្សាចាស់ បង្កើនថ្មី» ប្រកបដោយភាពប្រាកដនិយម និងគុណភាព តាមគោលការណ៍បក្សឱ្យបាន ៨០-៨៥%

និងទី៥៖ សូមឯកភាព គាំទ្រ និងបន្តអនុវត្ត អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ ស្តីពី ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៣ គឺ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមសហការឱ្យល្អបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អ គុណធម៌ និងសច្ចៈធម៌៕